ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖
*១-ឈ្មោះ និមល ចាន់មករា អាយុ២៥ឆ្នាំ មុខរបរជាអ្នកបេីករថយន្ដដឹកទំនិញ ស្នាក់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
*២-ឈ្មោះ ង៉ែត ចិត្រា អាយុ២៨ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួលលេខ១២ បន្ទប់B២០ ផ្លូវ៧ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
*៣-ឈ្មោះ ឃឹម សុខន អាយុ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកកំពង់ស្ពឺ។
*៤-ឈ្មោះ អឿ មករា អាយុ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទូកុងតឺន័រ) និងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យបានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕
ដោយ ៖ សិលា