ខេត្តកំពត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៣៣ ជាផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។ ជាងនេះទៅទៀត ផ្លូវជាតិនេះមានទិដ្ឋភាព និងសម្រស់ដ៏ល្អត្រកាល គួរជាទីទាក់ទាញឱ្យមកទស្សនាកម្សាន្ត និងសម្រាកលំហែនៅតាមខេត្តជាប់មាត់សមុទ្រនេះ។
ផ្លូវជាតិនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ វឌ្ឍនភាពនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ១០០% ហើយ និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខ៕
ដោយ៖ តារា