ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ស្រុកសាមគ្គីមុនីជ័យ បានធ្វេីការបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីអំពេីហឹង្សាក្នុងគ្រួសារក្លាយជាករណីគំរាមបោកគ្រាប់បែក(គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ) សម្លាប់ប្រពន្ធនិងក្រុមគ្រួសារទាំងមូល កាលពីថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្តថា ដោយទទួលបានព័ត៌មានតាមរយៈដេីមបណ្ដឹងឈ្មោះ ផាត សុខលី ភេទស្រី អាយុ២៤ឆ្នាំ ជាប្រពន្ធរបស់ជនល្មេីសដែលមានបំណងយកគ្រាប់បែកសល់ពីសម័យសង្រ្គាម ពីការដ្ឋានសំណង់មួយកន្លែងដែលជនល្មេីសជាប្ដីធ្វេីការ”., ជនល្មេីសជាប្ដីឈ្មោះ ហួន ស្រស់ អាយុ៣៣ឆ្នាំ រស់នៅភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប ដកហូតវត្ថុតាងគ្រាប់បែក មួយគ្រាប់ យកមករក្សាទុកប្រគល់ជូនជំនាញសុីម៉ាក់បន្ដ។
យោងតាមលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាក់ថាមូលហេតុនៃជម្លោះកេីតឡេីងដោយរឿងប្រច័ណ្ឌ កេីតហេតុតាំងពីមុនថៃ្ងបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ហេីយប្ដីបានចេញពីផ្ទះបាត់រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានយកកាដូគ្រាប់មកគម្រាមបោកសម្លាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងគ្រាប់បែក ទៅការិយាល័យ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖ តារា