សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃចន្ទ ទី២ ខែធ្នូ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា វត្តមានរបស់នាវាមុជទឹករុស្ស៉ី១គ្រឿង ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៅសមុទ្រចិនខាងត្បូង គឺជារឿងគួរឱ្យបារម្ភយ៉ាងខ្លាំង។
«វាគឺជារឿងគួរឱ្យបារម្ភខ្លាំងមួយ។ ការទន្ទ្រានណាមួយក៏ដោយ ចូលមកក្នុងសមុទ្រហ្វីលីពីនខាងលិច មកក្នុងតំបន់ EEZ ឬ មកក្នុងខ្សែបន្ទាត់គោលរបស់យើង គឺគួរឱ្យបារម្ភខ្លាំងណាស់»។ លោក Marcos បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ ដោយចង់សំដៅលើផ្នែកនៃសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងតំបន់ដែនសមុទ្ររបស់ប្រទេសហ្វីលីពីន។
លោក Roy Vincent Trinidad អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីន នៅថ្ងៃចន្ទនេះ បាននិយាយថា នាវាមុជទឹករុស្ស៉ីថ្នាក់ Kilo-class ១គ្រឿង ត្រូវបានប្រទះឃើញ នៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ពីខេត្ត Occidental Mindoro របស់ហ្វីលីពីន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ នាវាចម្បាំងហ្វីលីពីន Jose Rizal បានទាក់ទងទៅកាន់នាវាមុជទឹករុស្ស៉ី ហើយបើតាមលោក Trinidad នាវារុស្ស៉ីបានអះអាងថា ខ្លួននៅរង់ចាំឱ្យលក្ខខណ្ឌអាកាសធាតុប្រសើរឡើង មុនធ្វើដំណើរទៅកាន់ទីក្រុង Vladivostok របស់រុស្ស៉ី ប៉ុន្តែលោក Trinidad មិនបានបកស្រាយថា មូលហេតុអ្វីទើបនាវាមុជទឹករុស្ស៉ី មកស្ថិតនៅក្នុងតំបន់បែបនេះឡើយ។
នាវាមុជទឹករុស្ស៉ីថ្នាក់ Kilo-class ត្រូវបានចាត់ទុក ជាប្រភេទនាវាមុជទឹកមានសំឡេងដ៏ស្ងាត់បំផុតមួយ ហើយពួកវាត្រូវបានបង្កើនសមត្ថភាពឱ្យកាន់តែប្រសើរជាងមុន ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ ភាពតានតឹងរវាងប្រទេសហ្វីលីពីននិងចិន បានកើនឡើងខ្លាំង អំឡុងពេលជាង១ឆ្នាំមកនេះ ដោយសារតែបញ្ហាវិវាទទឹកដីនៅសមុទ្រចិនខាងត្បូង។ ចិននិងរុស្ស៉ី ដែលបានប្រកាស ភាពជាដៃគូគ្មានដែនកំណត់ កាលពីឆ្នាំ២០២២ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា នៅសមុទ្រចិនខាងត្បូង កាលពីខែកក្កដា ឆ្នាំនេះ៕ ដោយ៖ ធីរីណា
រូបថត៖ Inquirer