គ្រាប់បាល់ស៊ុតបញ្ចូលទីម្នាក់១គ្រាប់របស់ Jude Bellingham និង Kylian Mbappe បានធ្វើឱ្យ Real Madrid ចាញ់តែ១ពិន្ទុប៉ុណ្ណោះតាមពីក្រោយក្រុមកំពូលតារាង La Liga Barcelona ជាមួយនឹងជ័យជម្នះលើក្រុម Getafe ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុម Real Madrid នៅដល់១ប្រកួតក្នុងដៃទៀត។
Bellingham បានស៊ុតបាល់ប៉េណាល់ទីជាមួយការលេងបាន៣០នាទីបន្ទាប់ពីកីឡាករ Allan Nyom បានប៉ះទង្គិចគ្នាជាមួយ Antonio Rudiger នៅក្នុងតំបន់គ្រោះថ្នាក់។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀតនៅនាទីទី៣៨ ដោយកីឡាករ Mbappe។
ឱកាសដ៏ល្អបំផុតរបស់ Getafe ក៏មានដែរ គឺបានកើតឡើងនៅពេលដែលកីឡាករ Christantus Uche បានញាក់ដាច់ខ្សែការពារ Rudiger ហើយបានព្យាយាមស៊ុតចំគោលដៅ ប៉ុន្តែបានបុកនឹងបង្គោលទីហើយខ្ទាតទៅប៉ះអ្នកចាំទី Thibaut Courtois របស់ Real ចាប់បានតែម្តង។ ការវាយសម្រុកយ៉ាងខ្លាំងពីកីឡាកររបស់ក្រុម Getafe ម្នាក់ទៀតគឺ John Patrick បានស៊ុតបុករបារទីខាងលើ។
ក្រុមរបស់លោក Carlo Ancelotti អាចនឹងនាំមុខបន្ថែមទៀត នៅពេលដែល Brahim Diaz គ្រប់គ្រងបាល់ដោយទ្រូងរបស់គាត់ ហើយបានស៊ុតផុតដៃអ្នកចាំទី David Soria ប៉ុន្តែបាល់បានហោះផុតសំណាញ់ទីទៅវិញ ខណៈដែលឱកាសមួយទៀតគឺការស៊ុតរបស់ Fede Valverde ពីជ្រុងជិតតំបន់គ្រោះថ្នាក់ តែនៅតែមិនអាចចូលទីបានដោយបាល់ហោះផុតបង្គោលទីដដែល។
ខ្សែប្រយុទ្ធ Mbappe គួរតែបន្ថែមគ្រាប់បាល់សរុបចំនួន៨គ្រាប់របស់គាត់នៅពេលបញ្ជូនបាល់ចេញ ហើយកីឡាករសញ្ជាតិបារាំងរូបនេះបានព្យាយាមបណ្តើរបាល់សម្រុកទៅមុខទីគូប្រកួត ប៉ុន្តែការស៊ុតរបស់គឺមុំតូចពេកធ្វើឲ្យបាល់ចេញក្រៅទៅវិញ។
គួរបញ្ជាក់ថា ជ័យជម្នះនេះបានធ្វើឲ្យ Real Madrid បន្តឈរចំណាត់ថ្នាក់លេខ២ មាន៣៣ ពី១៤ប្រកួត ខណៈដែល Barcelona ឈរកំពូលតារាងមាន៣៤ពិន្ទុ ប៉ុន្តែចំនួនប្រកួតច្រើនជាង១ប្រកួត។ ការប្រកួតបន្ទាប់ Real Madrid ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Bilbao នៅថ្ងៃទី៥ ខែធ្នូខាងមុខ រីឯ Barcelona ត្រូវប៉ះក្រោយចាញ់ Las Palmas ត្រូវប៉ះម្ចាស់ផ្ទះ Mallorca នៅថ្ងៃទី៤ ខែធ្នូនេះដែរ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)