ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី រួមសហការជាមួយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងកិច្ចសហការផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ដែលមានទីតាំងនៅអគារ Morgan កោះពេជ្រ ដើម្បីពង្រឹងកិច្ចសហការផ្សព្វផ្សាយ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

នៅក្នុងជំនួបនោះ លោក ទិត សុធា បានលើកឡើងពីភាពចាំបាច់នៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយបានរំលេចពីផលវិបាករបស់វា ដូចជាការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់ប្រទេសជាតិ ប៉ះពាល់ដល់ការវិនិយោគនិងទេសចរណ៍ រហូតដល់ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិជារួមទៀតផង។ ជាក់ស្ដែង លោកបានលើកឡើងពីគុណវិបត្តិសម្រាប់កម្ពុជា ដោយសារខ្សែភាពយន្ត No More Bets និង Blood Slave ដែលត្រូវបានផ្សព្វផ្សាយនៅបរទេស គែមិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៅក្នុងសង្គមកម្ពុជានោះទេ ហើយវាបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើវិស័យទេសចរណ៍និងវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរួមសាមគ្គីគ្នាផ្សព្វផ្សាយព័ត៌មានពិតឱ្យបានឆាប់រហ័ស និងឱ្យបានទូលំទូលាយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ សំដៅគ្រប់គ្រងឱ្យបាននូវសាធារណមតិ និងទប់ស្កាត់ចលាចលសង្គម និងបដិវត្តន៍ពណ៌។

ជាមួយគ្នានេះដែរ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានឯកភាពនឹងការលើកឡើងរបស់ លោក ទិត សុធា ក្នុងការពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងសហការគ្នាផ្សព្វផ្សាយព័ត៌មានពិតនិងព័ត៌មានដែលមានសារៈប្រយោជន៍ដល់សាធារណជនទូទៅ។ ប្រធានសមាគម គឺលោក Liu Xiao Guang បានឆ្លៀតរំលេចពីប្រវត្តិរបស់សមាគមដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៩ និងបានចុះអនុស្សរណៈជាមួយស្ថាប័នសារព័ត៌មានជាច្រើននៅកម្ពុជានិងនៅប្រទេសចិន បានបង្កើតមូលនិធិជួយដល់ប្រជាជនកម្ពុជាជាង២ម៉ឺននាក់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីកូវីដ-១៩ និងថែមទាំងបានបង្កើតកម្មវិធីផ្លាស់ប្ដូរអ្នកសារព័ត៌មានរវាងប្រទេសទាំងពីរទៀតផង។

បន្ថែមពីលើនេះ សមាគមក៏បានអញ្ជើញក្រុមហ៊ុន Heilongjiang Province Maiku Information Technology Co., Ltd. មកចែករំលែកអំពីបច្ចេកវិទ្យាថ្មីៗដែលប្រទេសចិនបាននិងកំពុងប្រើប្រាស់ក្នុងការងារគ្រប់គ្រងសាធារណមតិនៅទីនោះ។

មុននឹងបញ្ចប់ ភាគីទាំងពីរបានយល់ព្រមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងសហការគ្នាក្នុងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ ឈានទៅបង្ការចលចលសង្គម និងការប្រយុទ្ធប្រឹងនឹងបដិវត្តន៍ពណ៌ដែលបញ្ឆេះឡើងដោយក្រុមជ្រុលនិយម និងបរទេសអមិត្ត។ ទស្សនកិច្ចនេះបានបិទបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាលជាទីបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖