ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាអធិបតី ក្នុង វេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤” និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និងកីឡា ប្រតិភូតំណាង ក្រសួង មហាផ្ទៃ World Bank និងតំណាង Asia Development Bank លោក លោកស្រី ក្រុមការងារពាក់ព័ន្ធ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ សរុបចំនួនប្រមាណ ២៥០នាក់។
វេទិកាអប់រំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកឧត្តមានុវត្តន៍ស្ដីពីកំណែទម្រង់សាលារៀនតាមរយៈការផ្សារភ្ជាប់នឹងគោលនយោបាយ វិស័យអប់រំនិងការអភិវឌ្ឍគ្រូបង្រៀនទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅលើកកម្ពស់ និងបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរ និងពង្រឹងភាពជាម្ចាស់របស់សាលារៀន។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក៏ដូចជា ដៃគូអភិវឌ្ឍនានា ដែលបានសហការ និងចូលរួមគាំទ្រយ៉ាងល្អក្នុងការអភិវឌ្ឍវិស័យអប់រំ ជាពិសេស ធនាគារពិភពលោក(WB) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលតែងតែជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍវិស័យអប់រំជាបន្ត បន្ទាប់។ ជាក់ស្តែង គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP), គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយ ភូមិទី២ (USESDP-II), គម្រោងវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ (STEP UP) គឺជាការវិនិយោគបន្ត ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំកម្រិតមធ្យមសិក្សា ជាពិសេស គឺជាការបន្តរក្សា និងលើកកម្ពស់នូវសមិទ្ធផលអប់រំបន្ថែមទៀត ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្ត យ៉ាងខ្លាំងនៅកម្រិតសាលារៀន។
ទន្ទឹមនឹងនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានដឹកនាំ សហការ និងអនុវត្តស្តង់ដាសាលារៀនគំរូសម្រាប់សាលាបឋមសិក្សា និងសាលាមធ្យមសិក្សា ព្រមទាំងជំរុញការអនុវត្តការងារ ទាំងរដ្ឋ និងដៃគូពាក់ព័ន្ធ។
ដើម្បីកែលម្អការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវកត្តា ៤សំខាន់ រួមមាន៖
(ទី១). កត្តាសាលារៀន រួមទាំងនាយកសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀន ដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ នាំឱ្យមានការគាំទ្រពីសហគមន៍។
(ទី២). កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែ ដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអ្នកអាណាព្យាបាល តាំងពីវ័យកុមារ ក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេសម្រាប់ ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។
(ទី៣). កត្តាគ្រូបង្រៀន៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀន ឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន ដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។
(ទី៤). កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូល រួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍។
ដើម្បីឱ្យការអភិវឌ្ឍមាននិរន្តរភាពបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ឱ្យក្រុមការងារ បង្កើតជាប្រព័ន្ធការងារដោយខ្លួនឯង ផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង សិក្សាស្រាវជ្រាវសរសេរជាសៀវភៅដែលដកបទសោធន៍ ដោយផ្ទាល់ចេញពីការរអនុវត្តជាក់ស្តែងនៅតាមសាលារៀន។ ការសរសេរទុក ជាឯកសារនេះ នឹងជួយពង្រឹងសមត្ថភាពរបស់យើងបន្ថែមមួយកម្រិតទៀត ដើម្បីកសាងបានប្រព័ន្ធភាពធន់ក្នុងវិស័យអប់រំ។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡាបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារដ៏មានប្រសិទ្ធភាពនាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារ ឱ្យចូលរួមពិភាក្សា និងផ្តល់មតិយោបល់ឱ្យសកម្ម ដើម្បីទទួលបានបទពិសោធល្អៗនៃការអនុវត្តសាលារៀនគំរូ គោលដៅរៀបចំជាវិធានការដែលមានស័ក្តិសិទ្ធភាពសម្រាប់អនុវត្តនៅតាមសាលារៀនគ្រប់កម្រិតនាពេលខាងមុខ៕
ដោយ៖ សិលា