ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំអាជ្ញាធរជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិនៅអគារ៦ បុរីកីឡា ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដែលប៉ូលិសធ្វើខុសឈ្មោះនិងរូបថត ។
ប្រជាពលរដ្ឋស្នើសុំបែបនេះ ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានប្រារព្ធធ្វើឡើងក្នុងខណ្ឌ ៧មករា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្តាតអូឡាំពិក ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងខណ្ឌរបស់ខ្លួនក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបានអនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្របតាមច្បាប់កំណត់។
វេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានលើកឡើងនូវសំនួរ សំណើនិងសំណូមពរទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ខ្លួន ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
វេទិការពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១-កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព), ទី២-ការងារអភិវឌ្ឍន៍មូលដ្ឋាន (ផ្លូវ ថ្នល់ លូ), ទី៣-ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
វេទិកាពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះអាជ្ញាធរខណ្ឌ៧មករា ជាពិសេសសង្កាត់វាលវង់ ដែលបានដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀននៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ហើយស្នើសុំទៅរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិ នៅអគារ៦បុរីកីឡា។ ប្រជាពលរដ្ឋបានស្នើសុំឱ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដែលប៉ូលិសធ្វើខុសឈ្មោះនិងរូបថត។ ប្រជាពលរដ្ឋក៏សូមអរគុណនិងកោតសរសើរដល់សមត្ថកិច្ចជួយបង្ក្រាបគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋានខណ្ឌ៧មករាបានល្អប្រសើរ ហើយសូមឲ្យធ្វើការងារនេះឲ្យបានល្អជារៀងរហូត។
ឆ្លើយតបទៅនឹងសំណើនិងសំណូមពរប្រជាពលរដ្ឋក្នុងឱកាសនោះលោកហួត ហៃ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ មានសំណើនិងសំណូមពរផ្ទាល់មាត់ចំនួន៣នាក់និងសំណើជាលាយលក្ខណ៍អក្សរចំនួន៨ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៥៥៧នាក់។
លោកអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីនឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះនៅពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបទៅនឹងសំណើនិងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ លោកបានបន្តថា ចំពោះបញ្ហាណាដែលប្រជាពលរដ្ឋបានលើកឡើង រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ វេទិកាសាធារណៈ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញនេះ ពិតជាមានសារៈសំខាន់ណាស់ដែលទទួលបានព័ត៌មាននិងតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការដោះ ស្រាយឱ្យចំទិសដៅជូនប្រជាពលរដ្ឋ៕
ដោយ ៖ សំរិត