ព័ត៌មានទាន់ហេតុការណ៍៖

លោក ញ៉ែម សារី ផ្ដាំផ្ញើដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពនានា ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានធ្វើការផ្ដាំផ្ញើ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពនានា ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍអោយកាន់តែមានការរីកចម្រើន និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ការផ្ដាំផ្ញើបែបនេះធ្វើឡើង នារសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤ ក្នុងពិធី អបអរសាទរ « ពិធីប្រកាសតែងតាំងមន្ត្រីរាជការ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត » ដោយលោក អ៊ឹម បុត្រ និងលោក អៀច័ន្ទនិមល ជា អនុប្រធានមន្ទីរសុខាភិបាល ខេត្ត និងលោក រៀមស៊ីណា ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក នាសាលប្រជុំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោក ភេ គង់ នាយករងរដ្ឋបាលសាលាខេត្ត និងលោក ប៉ែន ដារ៉ា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្វាយរៀង  លោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរពេទ្យខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង ៤ លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកទាំង ៥ លោក លោកស្រីប្រធានមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំង ៥២ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។

លោក ញ៉ែម សារី បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះដែរ សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សុខាភិបាលទូទាំងខេត្ត ដែលបានខិតខំ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពុះពាររាល់ឧបសគ្គ និងការលំបាកនានា ក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សំគាល់។ មិនតែប៉ុណ្ណោះ ក៏បានកែលម្អរ សូចនាករ  សំខាន់ៗ ពិសេសការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញ ការកាត់បន្ថយ អត្រាមរណៈ មាតា ទារក និង កុមារ ។

ដូច្នេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹង ប្រែងថែមទៀត ពោលគឺ ធ្វើ យ៉ាងណាអោយស្ត្រីកាន់តែច្រើនឡើង មកសម្រាលកូនដោយសុវត្ថិភាព នៅមូលដ្ឋាន សុខាភិបាលសាធារណៈ របស់ យើង ។

លោក លោកស្រីក៏បានដឹងអំពីចំណុចខ្លាំង និងចំណុចខ្សោយនូវការអនុវត្តផែនការសកម្មភាពឆ្នាំកន្លងមក ចំណុចទាំងអស់នេះ គឺជាមេរៀន បទពិសោធន៍សម្រាប់ការពិចារណា និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។ ដូច្នេះកត្តាសំខាន់នោះគឺ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវប្រើប្រាស់បទពិសោធន៍របស់ខ្លួនឱ្យអស់លទ្ធភាព និងសមត្ថភាពតាមគ្រប់មធ្យោបាយ នៅក្នុង ក្របខ័ណ្ឌ ធនធាន ដែលមានស្រាប់ ក្នុងការកែលម្អចំណុចខ្វះខាត និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីឈានទៅសម្រេច គោលដៅ ជាអទិភាព ។

លោក បានផ្តាំផ្ញើ និងផ្តល់អានុសាសន៍មួយចំនួនដូចខាងក្រោម៖ ត្រូវខិតខំបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីធានាចរន្តការងារឱ្យមានភាពរលូន និងសម្រេចបានជោគជ័យ ។

ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទអោយបានល្អ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការអនុវត្តការងារមានភាពរលូន ត្រឹមត្រូវតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង-ស្ថាប័ន រាជរដ្ឋភិបាល ដែលបានដាក់ចេញ អោយសម្រេចបាននូវជោគជ័យប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ។

ត្រូវខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវ អភិវឌ្ឍ លើជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ។

និងត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមអំពីបទពិសោធន៍ ចំណេះដឹង ជំនាញថ្មីៗ អោយបានច្រើនថែមទៀត ដើម្បីពង្រឹងលើកម្ពស់ការងារឱ្យកាន់តែល្អប្រសើរឡើង ៕

ដោយ៖ សុថាន


ចែករំលែក៖