សារព័ត៌មានរ៉យទ័របានផ្សាយថា មកទល់ពេលនេះ មានអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៤ ខែសីហា នៅក្នុងប្រទេសអ៊ីតាលីកើនឡើងរហូតដល់ទៅ ១៥៩នាក់ហើយ និងរាប់រយនាក់ជាប់គាំងនៅក្រោមគំនរអគារបាក់បែក ។ កម្លាំងជួយសង្រោះបានខិតខំស្វែងរកអ្នកដែលជាប់គាំងនៅអគារបាក់បែក ។
លោក Marcello Di Marco អ្នកស្ម័គចិត្តចូលរួមជួយសង្គ្រោះបានឲ្យដឹងថា «ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើងទីនេះ ។ យើងបន្តយ៉ាងសកម្ម គាស់កកាយស្វែងរកអ្នកដែលជាប់ខាងក្នុង» ។
ការរញ្ជួយដីបានបំផ្លាញផ្ទះទាំងអស់នៅលើភ្នុំ និងផ្លូវថ្នល់ ស្ថិតនៅស្រុកមួយភាគកណ្តាលប្រទេសអ៊ីតាលី ចម្ងាយពីទីក្រុងរ៉ូម ១៤០គីឡូម៉ែត្រ ។
កម្លាំងទាហានត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះ ជាមួយនឹងគ្រឿងច័ក្រជាច្រើនបានបញ្ជូនទៅកាន់ទីនោះ។ ឃ្លាំងប្រាក់នៅក្នុងប្រទេសអ៊ីតាលីបានចំណាយប្រាក់២៣៥លានអឺរ៉ូដើម្បីជួយជាបន្ទាន់ដល់ជនរងគ្រោះ ។ នៅក្នុងបុរីវ៉ាទីកង សម្តេចប៉ប Francis ក៏បានបញ្ជូនកម្លាំងទៅជួយដល់ពលរដ្ឋនៅទីនោះផងដែរ ។
ឧទ្ធម្ភាគចក្របានបញ្ជូនទៅកាន់ទីនោះ ដើម្បីដឹកអ្នករងរបួសទៅព្យាបាលឲ្យបានទាន់ពេលវេលា ។ រូបភាពពីកន្លែងរញ្ជួយដីបានឲ្យឃើញថា តំបន់ Amatrice ជាកន្លែងត្រូវបានជ្រើសរើសជាស្រុកប្រវត្តិសាស្ត្រស្រស់ស្អាតបំផុតនៅអ៊ីតាលី រងការបំផ្លាញស្ទើរតែទាំងស្រុកនៅក្នុងការរញ្ជួយដីកម្រិត ៦,២រិចទ័រ ។
អ្នកទេសចរណ៍ជាច្រើនទាំងក្នុង និងក្រៅប្រទេស ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងបាត់ខ្លួនខាងលើ ។ ការរញ្ជួយដីកើតឡើងក្នុងពេលដែល តំបន់នោះមានអ្នកទេសចរណ៍ច្រើនទៅចូលរួមពិធីបុណ្យ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែសីហាខាងមុខ ៕ ម៉ែវ សាធី
សូមអានបន្ត ៖នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមាបើកដៃឲ្យឈ្មួញរកស៊ីដឹកជញ្ជូនឈើល្មើសច្បាប់មិនមានការបង្ក្រាប