ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ២៤៤គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១៦២គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៧គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១០២គ្រឿង និងម៉ូតូ ១៨០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤៤គ្រឿង, រថយន្តធំ ៥ គ្រឿង, រថយន្តតូច ៧៨គ្រឿង និងម៉ូតូ ១៦១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,៥៨៤គ្រឿង, រថយន្តធំ ៨៦គ្រឿង, រថយន្តតូច ១,១៩៤គ្រឿង, ម៉ូតូ ២,៣០៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៧៦៩គ្រឿង, រថយន្តធំ ៥៤គ្រឿង, រថយន្តតូច ៨២៣គ្រឿង និងម៉ូតូ ១,៨៩២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា