ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញធុនធំបួងចង្កូតបត់ជ្រុលបុកចំពីមុខម៉ូតូរួចកិនពីលើម៉ូតូបណ្ដាលឱ្យនារីម្នាក់ស្លាប់ក្រោមរថយន្ដយ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តយ៉ាងរន្ធត់ ខណៈពេលជិះម៉ូតូលឿនត្រូវរថយន្តធុនធំបួងចង្កូតបត់ជ្រុលទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូនិងមនុស្សជាប់ក្រោមរថយន្តបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបណូគារ ស្ថិតនៅលើផ្លូវ២០០៤ កែងផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សពមានឈ្មោះ ម៉ុន លីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ​ រស់នៅភូមិព្រែកតូច ឃុំទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 1JH-7447 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ឆ្លងស្តុប ខណៈពេលឆ្លងដល់ពាក់កណ្តាលភ្លើងស្តុបស្រាប់តែគេឃើញមានរថយន្តម៉ាក ហុីយ៉ាន់ដាយ ដឹកទំនិញធុនធំមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3E-3792 បើកបរដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងឆ្ពោះទៅតាមផ្លូវ២០០៤ ក៏ទៅបុកម៉ូតូនារីរងគ្រោះខាងលើចូលក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមនោះដែរអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនតែត្រូវបានកម្លាំងអាវុធហត្ថតាមឃាត់បានយកទៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម សួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ ហេីយសពមិនទាន់មានសាច់ញាតិ សមត្ថកិច្ចឱ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖