ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ថា មានករណីរថយន្តតូយ៉ូតាព្រូសមួយគ្រឿងសង្ស័យប៉ះពារគេបេីករត់គេចខ្លួនយកមកប្លុងចោលនៅដីវាលមួយកន្លែង ហើយក៏មានប្រជាពលរដ្ឋឃើញក៏បានរាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងនៅកាលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីវាលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្ររភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅម៉ោងកេីតហេតុខាងលើ ខណៈពួកគាត់ចេញមកហាត់ប្រាណ ដូចសព្វដងស្រាប់តែប្រទះឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស្លែ មិនមានស្លាកលេខនោះទេបេីកបរទាំងបែកកង់ម្ខាងផ្នែកខាងមុខចំហៀងខាងឆ្វេង និងមានស្នាមកំពឹតមុខមកជាប់ផុងទៅមុខលែងរួចហើយម្ចាស់បានដោះស្លាកលេខយកទៅបាត់ដោយទុករថយន្តចោលបន្ទាប់ពលរដ្ឋមានការសង្ស័យបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗសួរនាំនៅកន្លែងកើតហេតុរួចទាក់ទងទៅផ្នែកជំនាញបន្តផងដែរ។
បច្ចុប្បន្នរថយន្តខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ ជ្រោយពេជ្រ