រដ្ឋកាតា៖ នៅវេលាម៉ោង១៦.០០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ម៉ោងនៅរដ្ឋធានីដូហា រដ្ឋកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋធានីដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋកាតា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។
នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕
ដោយ៖ តារា