ភ្នំពេញ ៖ គេចមិនផុសពីទោសដែលបានប្រព្រឹត្តនោះទេ បុគ្គលស្រវឹងបើកបររថយន្ត NX200t បុករះម៉ូតូយ៉ាងសាហាវ នៅស្តុបសំណង់១២ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។
បុគ្គលអ្នកបើករថយន្តនោះមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំណែកជនរងគ្រោះជាអ្នកបើកម៉ូតូមានឈ្មោះ ពិដោរ សាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ញឹក សុវណ្ណនាគរាជ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀត ឈ្មោះ ញិល ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
រហូតមកទាល់វេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក វុិត មឃៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់បុគ្គលអ្នកបើករថយន្តនោះ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា ៨៣ និង មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣ និង១២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT- 4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២ Mg/L បានបើកបរមិន គោរពភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុបពណ៌ក្រហម) ទៅបុកចំកណ្តាលម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KF-2588 រួចបន្តទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាក SUZUKI LETS ពណ៌សលាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1977 ដែលករណីនេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ពិដោរ សាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ញឹក សុវណ្ណនាគរាជ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ចំណែកឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀត ឈ្មោះ ញិល ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន ជនត្រូវចោទជាអ្នកបើករថយន្តរូបនេះ កំពុងស្ថិតក្នុងដំណាក់កាល ចៅក្រមស៊ើបសួរបន្ត ៕
ដោយ ៖ រ៉ារ៉ា