ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តសុខៗក៏បានជ្រុះទូរស័ព្ទដៃមកក្រោម រួចឱនរើសទូរស័ព្ទ ខណៈងេីបមកវិញក៏រេចង្កូតរថយន្តទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវលេខ១៨២ ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្ចាស់រថយន្តខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត Mazda BT-50 ពណ៌សពាក់ផ្លាកលេខភ្នំពេញ2BP.5246 តាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ គាត់ក៏បានជ្រុះទូរស័ព្ទដៃទៅក្រោម ក៏បានធ្វើសកម្មភាពឱនរើសទូរស័ព្ទដៃនោះ បណ្តាលឲ្យរេចង្កូតរថយន្តទៅបុកក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ ទាំងកំរោលតែម្តង បណ្តាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ និងគាបជាប់ជាមួយក្បាលព្រួញថ្មពុះចែកទ្រូងផ្លូវ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវមិនបានរងការខូចខាតធ្ងន់ធ្ងរនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១ បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ