ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូហុងដាប៊ីតវ៉ាកាត់ពីមុខរថយន្តក្រឡុកសុីម៉ងត៍តែមិនផុតត្រូវរថយន្ដចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុុកកិនទាំងម៉ូតូនិងមនុស្សពីក្រោយបណ្ដាលឲ្យ អ្នកជិះម៉ូតូស្លាប់មួយរំពេច។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១ និង ១៥នាទីយប់ថ្ងៃ ទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ សាងសង់ថ្មីផ្លូវមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សពជនរងគ្រោះមានឈ្មោះ រ៉េត ប៊ុន សារៈ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរស២នាក់រួមទាំងអ្នកបេីកបរបានបេីករថយន្តប្រភេទក្រឡុកបេតុងម៉ាក HINO ពណ៌ក្រហមលាយសរបស់ក្រុមហ៊ុន SCG ពាក់ផ្លាកលេខភ្នំពេញ 5A-0995 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅ ពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់កំពុងសាងសង់ថ្មី រថយន្តបានបត់ឡេីងទៅផ្លូវ២៧១ហេីយគាប់ជួន ពេលនោះក៏ស្រាប់តែបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាប៊ីតពណ៌ខ្មៅធ្វើដំណើរស្របទិសជាមួយនិងរថយន្តហើយបានវ៉ាឆ្វេងបត់កាត់ ពីមុខរថយន្តក៏ត្រូវអ្នកបេីកបរចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុុកអូសទាំងម៉ូតូនិងមនុស្សចំពាក់កណ្ដាលខ្លួនបណ្តាលឲ្យជនរងគ្រោះស្លាប់មួយរំពេច ។
ចំណែកខាងរថយន្តតៃកុងរថយន្ដបង្កបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល។
ពាក់ព័ន្ធករណីនេះផងដែរបន្តិចក្រោយមកឃើញមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍បានចុះទៅកន្លែងកេីតហេតុនិងបានទាក់ទងសាច់ញាតិនៃសពរបស់ជនរងគ្រោះផងដែរ ។
ក្រោយពេលកេីតហេតុមធ្យោបាយត្រូវសមត្ថកិច្ចជំនាញវាស់វែងយករថយន្ដ និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយរីឯសពត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ ៖ ភារ៉ា ដង្កោ