ភ្នំពេញ៖ បុរសពីរនាក់រងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿនដួលខ្លួនឯងបន្តបន្ទាប់គ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១រំលងអធ្រាត្រថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញជនរងគ្រោះទី១ជិះម៉ូតូម្នាក់ឯងម៉ាកស្គូពី ពណ៌សពាក់ស្លាកលេខកំពង់ធំ1D-8012 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនរួចស្រាប់តែធ្លាក់កន្លុកបណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្ររងរបួសធ្ងន់បាក់ជើងម្ខាងដេកស្ដូកស្ដឹងចំណែកម៉ូតូខូចខាតខ្ទេចផ្នែកខាងមុខ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានម៉ូតូគ្រឿងទៀតម៉ាកស្គូពី ពណ៌សពាក់ស្លាកលេខសៀមរាប1AQ-8495 ជិះដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរស្របទិសគ្នាបោះពួយយ៉ាងលឿនមកដួលនៅចំណុចតែមួយបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងពលរដ្ឋនៅកន្លែងកើតហេតុឃើញក៏នាំគ្នាជួយសង្រ្គោះបឋមលេីកសែងទៅដាក់កៀនខាងរួចហើយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗធ្វើការបាញ់ថ្នាំលេីកម៉ូតូទាំងពីរគ្រឿងទៅដាក់អែបខាងរួចហើយរាយការណ៍បន្តទៅផ្នែកជំនាញ។
បន្ទាប់ពីកេីតហេតុជនរងគ្រោះដែលដួលមុនគេត្រូវបានក្រុមគ្រួសារលេីកដាក់លើរថយន្តផ្ទាល់ខ្លួនដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់ ចំណែកម្នាក់ទៀតក៏បានសាច់ញាតិដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះខ្លួនឯងដូចគ្នាចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរង់ចាំប្រគល់ឱ្យម្ចាស់នៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ