ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​របស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​ថា ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋ នាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវសុខភាពល្អ ។

-សម្តេចធិបតី ថ្លែងអំណរគុណ និងកោត​សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនោះ។

-សម្តេចធិបតី ប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជា កត្តា​អាទិភាព​ធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ។

-សម្តេចធិបតី ថ្លែងថា​ យើងចង់បានគោលនយោបាយសុខាភិបាលដែលរឹងមាំ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយជាក់ស្ដែង គឺមិនមែនគ្រាន់តែចង់ហើយមិនធ្វើនោះទេ ខណៈមកដល់ម៉ោងនេះ កម្ពុជាមានមន្ទីរពេទ្យបង្អែក ១២៥ កន្លែង។

-សម្តេចធិបតី បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកការផ្តល់សេវាសុខាភិបាលបន្ថែមទៀត  ពោលគឺឲ្យគ្រប់ច្រកល្ហកទាំងអស់ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។

-សម្តេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលបង្កើត របបសន្ដិសុខសង្គម ប.ស.ស គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថ្លៃ សម្រាកព្យាបាលថ្លៃនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាល។

-សម្តេចធិបតី ថ្លែងថា​ រយៈពេលជាងមួយឆ្នាំ គិតមកដល់បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត ៦០ ម៉ឺននាក់ បានចូលរួមជាសមាជិករបបសន្ដិសុខសង្គម ប.ស.ស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រីកសេវាសុខាភិបាល មណ្ឌលសុខភាព ទៅដល់មូលដ្ឋានភូមិ ឃុំ អស់ហើយ ប៉ុន្ដែឥឡូវអ្វីដែលត្រូវពង្រឹងនោះ គឺគុណភាពក្នុងការផ្ដល់សេវាល្អដល់ប្រជាពលរដ្ឋ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងពង្រឹងបន្ថែមទៀត។

-សម្ដេចធិបតី ថ្លែងថា​ មន្ទីរពេទ្យហ្លួងម៉ែ នឹងក្លាយជាមន្ទីរពេទ្យដែល មានឯកទេសព្យាបាលជំងឺមហារីកនាពេលឆាប់ៗខាងមុខនេះ។

-សម្តេចធិបតី បានជំរុញឱ្យធ្វើទំនើបកម្មក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណាផ្ដល់សេវាល្អ ព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

-សម្តេចធិបតី ផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ ដោយមិនមានការប្រឡងឡើយ។ សម្ដេច ណែនាំដល់និស្សិតពេទ្យ ត្រូវចង់ចាំថា គ្រូពេទ្យ​កំពុងដើរតួនាទី ជាទេវាតាសង្គ្រោះពលរដ្ឋ ដែលមានជំងឺ ដូច្នេះត្រូវប្រកាន់ភ្ជាប់​នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។

-សម្ដេចធិបតី ប្រកាសស្វាគមន៍ចំពោះវិស័យឯកជនដែលចង់ វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការវិនិយោគរបស់វិស័យ ឯកជនក្នុងផ្នែកសុខភាពសាធារណៈនេះ ត្រូវតែធានាឱ្យបាននូវគុណភាព។

-សម្តេចធិបតី ស្នើទាំងវិស័យឯកជន និងរដ្ឋ ត្រូវវិនិយោគទៅលើការបណ្ដុះបណ្ដាលបន្ថែមដល់គ្រូពេទ្យឱ្យបានច្រើន ដើម្បីរួមគ្នាជួយការពារថែរក្សា ព្យាបាលដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព និងគុណភាពរឹតតែល្អបន្ថែមទៀត។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈសម្ដេចបានផ្ដល់​គោលការណ៍​ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើសគ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការ​គ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលចំពោះការលក់ចំណីអាហារដល់កុមារតូចៗ នៅតាមសាលារៀន ជាពិសេសប្រភេទ​ភេសជ្ជ​ផ្អែម។

-សម្តេចធិបតី ថ្លែង​ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការ​គ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។

គួរជម្រាបជូនថា​ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ- ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩ ម៉ែត ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ។

តាមរយៈយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើសុខភាព ការបណ្ដុះបណ្ដាលធនធាន មនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលក្នុងនោះ គម្រោងមន្ទីរពេទ្យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល រួមទាំងការបញ្ជូលបច្ចេកវិទ្យាសុខាភិបាលឈានមុខ សម្រាប់ការធ្វើនវានុវត្ដន៍វិស័យសុខាភិបាល ឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅអនាគត។

គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នឹងឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់តែបានប្រសើរឡើងនូវសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល។

មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល៕

ដោយ​៖ តារា​


ចែករំលែក៖