ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៤ មានអ្នកសារព័ត៌មាន១០៤ នាក់ស្លាប់ពេលបំពេញការងារ ភាគច្រើននៅហ្គាហ្សា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ បាននិយាយនៅថ្ងៃអង្គារ ទី១០ ខែធ្នូ ថា ក្នុងឆ្នាំ២០២៤នេះ មានអ្នកកាសែតសរុប១០៤នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ក្នុងចំណោមនោះ ជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។
IFJ បានប្រាប់ថា តួលេខឆ្នាំ២០២៤នេះ គឺថយចុះពីតួលេខឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំដ៏អាក្រក់បំផុតមួយក្នុងកំណត់ត្រា។ ក្នុងចំណោមនោះ អ្នកកាសែតប៉ាឡេស្ទីន៥៥នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៤ ចំពោះមុខសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា។ យោងតាម IFJ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សរុបមានអ្នកកាសែតប៉ាឡេស្ទីន យ៉ាងហោច១៣៨នាក់ ត្រូវបានសម្លាប់។
របាយការណ៍របស់ IFJ បានបន្តថា បន្ទាប់ពីមជ្ឈិមបូព៌ា ទ្វីបអាស៉ី គឺជាកន្លែងដែលមានអ្នកកាសែត ត្រូវបានសម្លាប់ច្រើនជាងគេទី២ ក្នុងឆ្នាំនេះ គឺចំនួន២០នាក់ ក្នុងនោះរាប់បញ្ចូលទាំង ៦នាក់ នៅប៉ាគីស្ថាន ៥នាក់នៅបង់ក្លាដែស និង៣នាក់នៅឥណ្ឌា។ រីឯនៅអឺរ៉ុប សង្រ្គាមអ៊ុយក្រែនបានបន្តសម្លាប់អ្នកកាសែត៤នាក់ទៀតក្នុងឆ្នាំនេះ។
កាលពីឆ្នាំ២០២៣ អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បាននិយាយថា អ្នកកាសែត៥៤នាក់ ត្រូវបានសម្លាប់ អំឡុងពេលបំពេញតួនាទីរបស់ពួកគេ ខណៈអង្គការនេះ នឹងចេញផ្សាយរបាយការណ៍របស់ខ្លួនស្តីពីអ្នកកាសែតដែលត្រូវបានសម្លាប់ ក្នុងឆ្នាំនេះ នៅប៉ុន្មានថ្ងៃទៀត។ តួលេខរបស់ IFJ ជាទូទៅ តែងតែខ្ពស់ជាងឆ្ងាយ ធៀបនឹងតួលេខរបស់ RSF ដោយសារតែមធ្យោបាយនៃការរាប់ខុសគ្នា៕

ដោយ៖ ធីរីណា(រូបថត​៖ AFP)


ចែករំលែក៖