ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «វេទិកាពាណិជ្ជ កម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១» នៅអំឡុងពេលនៃការរៀបចំពិពរ័ណ៍ពាណិជ្ជកម្មកម្ពុជា ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង៩:៤០ព្រឹក នៅមជ្ឈមណ្ឌលភីអេចហ្គ្រេនហល បុរីប៉េងហួតបឹងស្នោររាជធានីភ្នំពេញ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ នាថ្ងៃទី១០ ខែធ្នូនេះថា ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងជំរុញវិស័យនវានុវត្តន៍ លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រជំរុញការនាំចេញផលិតផលក្នុងស្រុកឈាន ទៅកាន់ទីផ្សារអន្តរជាតិក្រោមប្រធានបទ «ផលិតផលកម្ពុជាឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល» និងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។
អ្នកចូលរួមក្នុងវេទិការនេះ នឹងបានស្វែងយល់អំពីកិច្ចពិភាក្សា និងបទបង្ហាញជាច្រើនលើប្រធានបទសំខាន់ៗរួមមាន៖ គោលនយោបាយពាណិជ្ជកម្មឌីជីថលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធទូទាត់ឌីជីថលដំណោះស្រាយអាជីវកម្មអនឡាញ ដើម្បីអបអរសាទរសមិទ្ធផលក្នុង វិស័យពាណិជ្ជកម្ម ឌីជីថលរបស់កម្ពុជា។ ជាពិសេស ក៏មានកិច្ចពិភាក្សារបស់យុវជនលើប្រធានបទ អនាគតនៃបច្ចេកវិទ្យា AI ក្នុងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់នៃវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលក្នុងចំណោមយុវជនកម្ពុជាអមជាមួយការតាំងពិព័រណ៍អនឡាញ ដែលនឹងបង្ហាញ ពីផលិតផលដែលផលិតនៅកម្ពុជាទៅកាន់អតិថិជនទូទាំងពិភពលោកតាមរយៈវេទិកា CambodiaTrade.com និងទីផ្សារ E-Commerce ផ្សេងទៀត ដែលផ្ដល់នូវឱកាសក្នុងការផ្សព្វផ្សាយ និងផ្គូផ្គង់អាជីវកម្ម កិច្ចសហការ និងជំរុញលទ្ធភាពក្នុងការបង្កើតពាណិជ្ជកម្មថ្មីៗ។
ជាមួយគ្នានោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Igor Diesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ចូលរួមថ្លែងសុន្ទរកថាក្នុងវេទិកានេះផងដែរ។
តាមលោក ប៉ែន សុវិជាតិ បានលើកឡើងថា ចំពោះ ភ្ញៀវជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក ផលិតករ វិនិយោគិន និងសាធារណៈជន លោកសី ដែលជាពាណិជ្ជករដែលមានបំណងចូលរួមវេទិការនេះ អាចចុះឈ្មោះតាមរយៈគេហទំព័រខាងក្រោម ឬទាក់ទងមកក្រសួងពាណិជ្ជកម្មតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងសារធារណជន និងមន្ត្រី (Call Centre ១២៦៦) ដោយឥតគិតថ្លៃ៕
ប្រភព ៖ «CCFR China state-controlled media »