ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូពីបុរសម្នាក់បានសម្រេច ត្រង់ចំណុចមុខផ្ទះដូរលុយវីង ផ្លូវបេតុង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ តែត្រូវសមត្ថកិច្ចជំនាញតាមស្រាវជ្រាវចាប់ឃាត់ខ្លួនបាននៅត្រង់ចំណុចតូបលក់អំបុក ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ ។
ជនរងគ្រោះឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ទីលំនៅផ្ទះលេខ46 ផ្លូវបេតុង ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ូច ចាន់រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។
សម្ភារៈបាត់បង់៖ គ្មាន , សម្ភារៈបន្សល់ទុក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 មានលេខតួនិងលេខម៉ាស៊ីន 0092339 ចំនួន០១គ្រឿង។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ៤២ឆ្នាំ កំពុងតែដេកនៅផ្ទះស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ រិន សារុន ហៅ តោ ភេទប្រុស អាយុ២៩ឆ្នាំ បានទូរស័ព្ទហៅជនរងគ្រោះឱ្យទៅផ្ទះរបស់គាត់ (រិន សារុន ហៅ តោ) ស្ថិតនៅភូមិព្រៃធំខាងលើដែរ ។ ហើយជនរងគ្រោះក៏បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 ទៅផ្ទះរបស់ឈ្មោះ រិន សារុន ហៅ តោ ។ ពេលទៅដល់ក៏បានជួបជនសង្ស័យឈ្មោះ អ៊ូច ចាន់រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ដែលជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ រួចជនសង្ស័យក៏បានពឹងជនរងគ្រោះ ឱ្យជូនទៅបញ្ជាំទូរស័ព្ទដៃនៅម្ដុំផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះក៏បានឌុបជនសង្ស័យ ទៅដាក់បញ្ជាំទូរស័ព្ទដៃ នៅផ្សារទួលពង្រខាងលើ រួចជនរងគ្រោះក៏បានឌុបជនសង្ស័យត្រឡប់ទៅផ្ទះស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឌុប ជនសង្ស័យ ទៅដល់ផ្ទះដូរលុយវីង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានឱ្យជនរងគ្រោះទៅដាក់លុយចំនួន០៥ដុល្លារ (ប្រាំដុល្លារអាមេរិក) ចូលគណនីវីងរបស់ឈ្មោះ រិន សារុន ហៅ តោ ទើបជនរងគ្រោះឈប់ម៉ូតូនៅខាងមុខផ្ទះវីងដូរលុយ ដោយមិនបានដកកូនសោរម៉ូតូចេញពីម៉ូតូទេ រួចជនរងគ្រោះក៏ដើរចូលទៅដាក់លុយ ចំណែកជនសង្ស័យនៅចាំកន្លែងម៉ូតូ។ រហូតដល់វេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល ពេលជនរងគ្រោះដាក់លុយរួច ក៏បានដើរមករកម៉ូតូវិញ ស្រាប់តែបាត់ជនសង្ស័យ និងម៉ូតូម៉ាកខាងលើ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បីឆែកជីភីអេសដែលបំពាក់នៅជាប់ម៉ូតូ ។ ហើយសមត្ថកិច្ចជំនាញក៏បានឆែកជីភីអេស ដែលបំពាក់នៅម៉ូតូម៉ាកខាងលើ បង្ហាញទីតាំងនៅផ្លូវជាតិលេខ១ ស្ថិតនៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ហើយសមត្ថកិច្ចជំនាញក៏បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដើម្បីឱ្យជួយអន្តរាគមន៍ ។ រហូតដល់វេលាម៉ោង១៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KJ-5466 ចំនួន០១គ្រឿង ត្រង់ចំណុចតូបលក់អំបុក ស្ថិតនៅភូមិដូនលែបឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំតាមនីតិវិធីច្បាប់ ។
លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាំខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានឆ្លៀងឱកាសពេលជនរងគ្រោះដើរទៅដាក់លុយនៅកន្លែងដូរលុយវីង ក៏បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅខេត្តស្វាយរៀងប្រាកដមែន។
បច្ចុប្បន្ននេះជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ