ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូរជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបមួយគ្រឿងទៀតដែលចតនៅលើដងផ្លូវបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៩៖៣០ នាទីយប់ថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៣ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក toyota priusពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-8116 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក GELLEY ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2CB-7966 ដែលចតនៅលើដងផ្លូវចំពីក្រោយយ៉ាងពេញទំហឹងប៉ើងទៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្ថិ៍នគរបាលសង្កាត់ទួលសង្កែទី១សួរនាំបន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ