ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ ឆ្នាំ២០២៤ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មានមោទនភាព ចំពោះនិស្សិតខ្មែរ ដែលបាន បង្កើតឧបករណ៍ទំនើបនានា ដើម្បីបម្រើដល់សាធារណជន ក្នុងនោះមានដូចជា ការស្កេន ដើម្បីទិញ តែក្រូចឆ្មារ និងប្រព័ន្ធបញ្ជាទិញទំនើបៗនានាជាច្រើនទៀត។
-សម្ដេចធិបតី ថ្លែងបង្ហាញនូវមោទន ភាព ចំពោះសិប្បករខ្មែរនានាជាច្រើន ដែលបានប្រឹងប្រែងផលិតនូវផលិតផលកែច្នៃជាច្រើនសម្រាប់ បម្រើទីផ្សារក្នុងប្រទេស និងនាំចេញ។
-សម្តេចធិបតី បានថ្លែងកោតសរសើរចំពោះក្រសួងពាណិជ្ជកម្ម ដែលបានរៀបចំការតាំងពិព័រណ៍បានយ៉ាងល្អ ខណៈការរៀបនេះ បានធ្វើទំនើបកម្មច្រើន មានទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក។
-សម្តេចធិបតី ថ្លែងថា ការភ្ជាប់ទំនាក់ទំនងទីផ្សារក្នុងស្រុក និងផលិតផលក្រៅស្រុក តាមបច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេត ជាកាលានុវត្តភាពដ៏ល្អ សម្រាប់អ្នកវិនិយោគ និងជាការសម្រួលពាណិជ្ជកម្មដ៏ល្អរវាងអ្នកលក់ និងអ្នកទិញ ។
-សម្តេចធិបតី ថ្លែងណែនាំដល់ក្រសួងពាណិជ្ជកម្មពិនិត្យឡើងវិញ ឱ្យបានត្រឹមត្រូវនូវច្បាប់លិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់បន្តធ្វើទៅទៀត ដើម្បីអនុវត្តទៅឲ្យមានប្រសិទ្ធភាពខ្ពស់ ។
-សម្តេចធិបតី ថ្លែងណែនាំឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្កើនសកម្មភាពបន្ថែមទៀត ក្នុងការនាំផលិតផលខ្មែរទៅក្រៅស្រុក ហើយគប្បីត្រូវជួបផ្ទាល់ និយាយផ្ទាល់ ជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាធ្វើឲ្យបរិយាកាសពាណិជ្ជកម្ម និងវិនិយោគពីក្រៅប្រទេសមកកម្ពុជា កាន់តែច្រើនទៀតនោះ។
-សម្តេចធិបតី ថ្លែងណែនាំឲ្យក្រសួងពាណិជ្ជកម្មគប្បីបន្តពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី ហើយគប្បីត្រូវខិតខំធ្វើយ៉ាងណា នាំផលិតផលខ្មែរ យកទៅខាងក្រៅឲ្យកាន់តែច្រើន បន្ថែមទៀត ជាមួយនឹងការធានានូវគុណភាព និងប្រសិទ្ធភាព។
-សម្ដេចធិបតី មានមោទនភាពចំពោះការនាំចេញរបស់កម្ពុជា ដែលមានទំហំកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងដូចក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០ ២៤ នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គឺកើនជិតហាសិបពាន់លានដុល្លារ។
គួរជម្រាបថា មុនអញ្ជើញបើកព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោក Marn-Ki Jeong ប្រធាននៃវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) និងគណៈប្រតិភូតំណាងក្រុមហ៊ុនពាណិជ្ជកម្មចំនួន៣៥ ជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ៕
ដោយ៖ តារា