ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពអុីស្រាអែលត្រៀមវាយប្រហារទីតាំងនុយក្លេអ៊ែរអុីរ៉ង់

ចែករំលែក៖

មន្ត្រីយោធាអុីស្រាអែលបាននិយាយថា កងកម្លាំងអាកាសរបស់ប្រទេសនេះកំពុងរៀបចំសម្រាប់ “ការវាយប្រហារដ៏មានសក្តានុពល” ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែររបស់អុីរង់។
យោងតាមកាសែត Times of Israel រដ្ឋាភិបាលអុីស្រាអែលជឿថា ការដណ្តើមកាន់កាប់ភ្លាមៗរបស់កងកម្លាំងប្រឆាំងស៊ីរីលើប្រទេសស៊ីរី បានធ្វើឱ្យទីតាំងរបស់ទីក្រុងតេអេរ៉ង់ចុះខ្សោយ។ នេះអាចជំរុញឱ្យអុីរ៉ង់ បង្កើនកម្មវិធីនុយក្លេអ៊ែរជាតិរបស់ខ្លួន។
ទន្ទឹមនឹងនេះ ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អុីស្រាអែលបានបំផ្លាញប្រព័ន្ធការពារដែនអាកាសភាគច្រើនរបស់ប្រទេសស៊ីរី ដោយហេតុនេះបើកផ្លូវសម្រាប់យុទ្ធនាការប្រឆាំងនឹងអុីរ៉ង់។
អស់រយៈពេលជាយូរមកហើយ អុីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែរជាតិរបស់ខ្លួនមានសន្តិភាព និងបម្រើគោលបំណងស៊ីវិល។ នេះផ្ទុយពីការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីអុីស្រាអែល Benjamin Netanyahu ដែលថាអុីរ៉ង់កំពុងស្វែងរកការបង្កើតគ្រាប់បែកបរមាណូ។ ក្នុងឆ្នាំ 2015 មហាអំណាចនុយក្លេអ៊ែរកំពូលទាំងប្រាំរបស់ពិភពលោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអុីរ៉ង់ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកសហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ 2018។
អុីស្រាអែលត្រូវបានគេនិយាយថាបានពិចារណាវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អុីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលជាបន្តបន្ទាប់ប្រឆាំងនឹងអុីស្រាអែលកាលពីថ្ងៃទី 1 ខែតុលា។ ប៉ុន្តែអុីស្រាអែលមិនបានអនុវត្តផែនការនេះទេ។
អុីស្រាអែលជឿថា អុីរ៉ង់ត្រូវបាន “ឯកោ” បន្ទាប់ពីការទម្លាក់ប្រធានាធិបតីស៊ីរី លោក Assad និងថាសម្ព័ន្ធមិត្តដ៏សំខាន់ផ្សេងទៀតរបស់ខ្លួនគឺក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ ត្រូវបានចុះខ្សោយយ៉ាងខ្លាំងដោយការវាយប្រហារនាពេលថ្មីៗនេះដោយកងកម្លាំងការពារអុីស្រាអែល (IDF) ។ យោងតាមកាសែត Times of Israel នេះអាចជំរុញឱ្យអ៊ីរ៉ង់ពន្លឿនកម្មវិធីនុយក្លេអ៊ែរជាតិរបស់ខ្លួន ហើយក៏អាចបង្កើតឱកាសសម្រាប់ការវាយប្រហារជាមុនពីអុីស្រាអែលផងដែរ៕

ដោយ៖ ធីរីណា(រូបថត​៖ Anadolu)


ចែករំលែក៖