ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ អ្នកទោស ១៥០០នាក់ ត្រូវបានបន្ធូរបន្ថយទោស និង ៣៩នាក់ត្រូវបានលើកលែងទោស

ចែករំលែក៖

សារព័ត៌មាន Daily Mail នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីចាំផ្ទះសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចបន្ធូរបន្ថយទោសឱ្យ មនុស្សសរុប១៥០០នាក់ និងលើកលែងទោសឱ្យ៣៩នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ការបន្ធូរបន្ថយនិងលើកលែងទោសខាងលើ ត្រូវបានប្រកាសសម្រាប់អ្នកដែលមានទោស ក្នុងបទឧក្រិដ្ឋកម្មអហិង្សា ហើយវាកើតមាន ក្រោយលោកប្រធានាធិបតីអាមេរិក បានផ្តល់ការលើកលែងទោសដោយឥតលក្ខខណ្ឌ កាលពីដើមខែធ្នូនេះ សម្រាប់កូនប្រុសរបស់ខ្លួន គឺលោក Hunter Biden ដែលរងការចោទប្រកាន់ពីបទគេចវេះពន្ធ និងកាន់កាប់អាវុធដោយខុសច្បាប់។
កាលពីសប្តាហ៍មុន មន្រ្តីអាមេរិកបាននិយាយថា សេតវិមានកំពុងស្តាប់ការទាមទារចង់ឱ្យលោក Biden បង្ហាញក្តីមេត្តាស្រដៀងគ្នា ចំពោះប្រជាជនអាមេរិករាប់ពាន់នាក់ ដែលត្រូវបានកាត់ទោសដោយអយុត្តិធម៌។ ក្នុងសប្តាហ៍ដដែលនោះ មានការបង្ហើបឱ្យដឹងថា ការលើកលែងទោស ដែលស្ថិតក្រោមការពិភាក្សា គឺរួមមានសម្រាប់ជនប្រព្រឹត្តបទល្មើសគ្រឿងញៀនអហិង្សា ព្រមទាំងជនដែលក្រុមសិទ្ធិមនុស្សរកឃើញថា ជាប់ឃុំឃាំងដោយអយុត្តិធម៌។
លោក បៃដិន ផ្ទាល់បាននិយាយថា រូបលោកនឹងបោះជំហានបន្ថែមទៀត ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយរដ្ឋបាលរបស់លោក នឹងបន្តពិនិត្យមើលទៅលើ សំណើសុំបន្ធូរបន្ថយនិងលើកលែងទោស។ រីឯប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ក៏បាននិយាយដែរថា នៅថ្ងៃឡើងកាន់អំណាចដំបូង រូបលោកនឹងលើកលែងទោស ឱ្យកុបករទាំងឡាយ ដែលជាប់ពាក់ព័ន្ធ ក្នុងហេតុការណ៍វាយប្រហារលើ វិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕

ដោយ៖ ធីរីណា(រូបថត​៖ NYT)


ចែករំលែក៖