ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងធនធានទឹក​ ដឹកនាំគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចុះបំពេញបេសកកម្មការងារនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ លោក ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រី្រកសួងធនធានទឹក និងឧតុនិយម នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម ចុះបេសកកម្មទៅកាន់ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងគណៈប្រតិភូ បានជួបប្រជុំការងារជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រុងពោធិ៍សាត់ដើម្បីឧទ្ទេសនាមបង្ហាញជូនថ្នាក់ដឹកនាំខេត្តនូវការបោះទុនវិនិយោគរបស់ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) តាមរយៈកិច្ចសហប្រតិបត្តិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្កុ ក្នុងការគ្រប់គ្រងធនធានទឹក និងឧតុនិយម ដែលមានពីរគម្រោងធំៗជាប្រវត្តិសាស្រ្ត។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការនិងគណៈប្រតិភូបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងលើបណ្តាអនុគម្រោងរបស់គម្រោងធំៗទាំងពីរដែលរួមមាន៖ ១)គម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ និង ២)គម្រោងកសាងប្រព័ន្ធធារាស្រ្តដោយមានភាពធន់ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យនេះបានប្រព្រឹត្តទៅនៅក្នុងតំបន់ប្រព័ន្អធារាសាស្ត្រក្បាលហុង ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃ ប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល តំបន់ស្ទឹងពោធិ៍សាត់ តំបន់ស្ទឹងស្វាយដូនកែវ តំបន់ស្ទឹងអូរតាប៉ោង និងតំបន់ស្ទឹងស្វាយអាត់៕

ដោយ​៖ តារា​


ចែករំលែក៖