ភ្នំពេញ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បានបោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯបុរស៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល បន្ទាប់ពីមេឃធ្លាក់ភ្លៀងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក អាយ ខន ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1AL-3393 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2KJ-4296 ជិះដោយបុរស៣នាក់ឌុបគ្នាចេញពីផ្លូវ២៧១ ឆ្ពោះមកផ្លូវ៣៧១វិញ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នា លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលទៅបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះដេកននៀលពេញផ្លូវធ្វើឲ្យភាគីខាងម៉ូតូឌ្រីនសង់ជិះដោយគ្នា៣នាក់ បានស្លាប់ម្នាក់និង២នាក់រួមដំណើរជាមួយរងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីពេទ្យ ចំណែកឯភាគីខាងម៉ូតូមួយគ្រឿងទៀតម៉ាក iconវិញ បានរករបួសធ្ងន់ត្រូវបានដឹកតាមកង់បីបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ