ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត។ នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មាន! នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយមានខ្លឹមសារថា ៖ បែកធ្លាយការធ្វើទារុណកម្ម ទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្អាន៧២។

ក្រោយពីទទួលព័ត៌មាននេះភ្លាមកម្លាំងជំនាញបានចុះស្រាវជ្រាវជុំវិញការចុះផ្សាយខាងលើជាលទ្ធផល៖

១-ចំពោះជនរងគ្រោះនៅក្នុងរូបភាពនេះ គឺមិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹងឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។

២-សូមឱ្យលោក សួន ចំរើន ចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតពាក់ព័ន្ធករណីនេះជាបន្ទាន់។

៣-សំណូមពរដល់ក្រសួងព័ត៌មាន មេត្តាមានវិធានការទៅលើអង្គភាពគេហទំព័រ សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប កុំមានការភាន់ច្រឡំ!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖