ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនខ្វះការ ប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីម៉ោង ១១:៣០នាទីយប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវឧកញ៉ាម៉ុង រិទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus GS 300ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AY-7774 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់២កង់ ចំណែករថយន្តបង្កររងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមនោះដែរអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖