ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបង​ អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីលួច

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ពិរុទ្ធជនម្នាក់តាមអំណាចតុលាការខេត្ត ពាក់ព័ន្ធ​ករណីលួច​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ 

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនេះ​ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល និងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៤ អក/២៤ របស់លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ង៉ែត ចាន់ណារិទ្ធ ភេទប្រុស កើតឆ្នាំ១៩៨៤ បច្ចុប្បន្នរស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ពីបទលួច (យករថយន្ត និងគ្រឿងអលង្ការ) ដែលប្រព្រឹត្តិនៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ។

 បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖