ព័ត៌មានទាន់ហេតុការណ៍៖

ពួកឧទ្ទាមនៅស៊ីរីដុតផ្នូរឪពុកលោក អាសាដ

ចែករំលែក៖

ក្រុមឧទ្ទាមបានដុតផ្នូររបស់អតីតប្រធានាធិបតីស៊ីរី លោក Hafez al-Assad ដែលជាឪពុករបស់លោក Assad នៅស្រុកកំណើតរបស់គាត់នៅភាគពាយព្យនៃប្រទេសស៊ីរី។
លោក Hafez al-Assad គឺជាអ្នកនយោបាយ និងជាឧត្តមសេនីយ៍ជនជាតិស៊ីរី។ ប្រធានាធិបតី Hafez al-Assad បានដឹកនាំប្រទេសស៊ីរីអស់រយៈពេល 30 ឆ្នាំរហូតដល់ការស្លាប់របស់គាត់នៅឆ្នាំ 2000 នៅពេលដែលកូនប្រុសរបស់គាត់ – Bashar al-Assad បានឡើងដឹកនាំបន្ត។
រូបភាពរបស់ទីភ្នាក់ងារព័ត៌មាន AFP បានថតកាលពីថ្ងៃទី ១១ ខែធ្នូ បង្ហាញពីផ្នូររបស់អតីតប្រធានាធិបតី Hafez al-Assad ត្រូវបានដុតបំផ្លាញនៅក្នុងស្រុកកំណើតរបស់គាត់គឺ Qardaha ខេត្ត Latakia ភាគពាយព្យនៃប្រទេសស៊ីរី។ ក្នុងវីដេអូមានក្រុមឧទ្ទាម និងយុវជនឈរមើលផ្នូរត្រូវបានគេដុត។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ប្រធានអង្គការ Syrian Emergency Task Force មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក លោក Mouaz Moustafa បានអះអាងថា ផ្នូរខ្មោចដ៏ធំមួយកន្លែងស្ថិតនៅខាងក្រៅទីក្រុង ដាម៉ាស មានសាកសពយ៉ាងហោច ១០០ ០០០នាក់ ដែលត្រូវបានសម្លាប់ដោយអតីតរដ្ឋាភិបាលរបស់លោកប្រធានាធិបតីខ្ទាតចេញពីអំណាច Bashar al-Assad។
ថ្លែងប្រាប់ Reuters នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទចេញពីរដ្ឋធានីដាម៉ាស កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ លោក Mouaz Moustafa បានឱ្យដឹងថា ផ្នូរខ្មោចខាងលើដែលត្រូវបានរកឃើញនៅឯទីក្រុង Qutayfah ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីនៃប្រទេសស៊ីរី គឺជាផ្នូរដ៏ធំមួយក្នុងចំណោមផ្នូរចំនួន៥ ដែលរូបលោកបានរកឃើញក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ប្រធានអង្គការ រូបនេះបានបន្តថា លោកផ្ទាល់ជឿជាក់ថានៅមានផ្នូរខ្មោចធំៗជាច្រើនផ្សេងទៀតលើសពីផ្នូរខ្មោចទាំង៥នេះ ហើយក្រៅពីជនរងគ្រោះជាជនជាតិស៊ីរី ក៏អាចមានផងដែរជនរងគ្រោះជាជនជាតិអាមេរិក អង់គ្លេស និងជនបរទេសដទៃទៀត។
ក៏ប៉ុន្តែ ខាង Reuters មិនអាចផ្ទៀងផ្ទាត់លើការអះអាងរបស់លោក Moustafa បាននោះទេ។ ជនជាតិស៊ីរីរាប់សែននាក់ត្រូវបានគេជឿជាក់ថាត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០១១មក នៅពេលដែលកងកម្លាំងរបស់អតីតរដ្ឋាភិបាល លោក Assad បង្រ្កាបលើក្រុមបាតុករប្រឆាំងនឹងរបបដឹកនាំរបស់លោក ហើយដែលបាតុកម្មនេះបានប្រែក្លាយជាសង្រ្គាមស៊ីវិល៕ ដោយ៖ ធីរីណា

រូបថត​៖ AFP


ចែករំលែក៖