ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរៀបចំដែនដី បដិសេធទាំងស្រុង ចំពោះបុគ្គលមួយចំនួនតូច ដែលតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម បំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គមពាក់ព័ន្ធនឹងបញ្ហាដីធ្លី

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ឃើញថា កន្លងមកមានបុគ្គលមួយចំនួនតូច តែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ដូចជា Facebook, TikTok, Telegram ជាដើម ។ល។ ដើម្បី ផ្សព្វផ្សាយដោយសម្តែងសកម្មភាពត្អូញត្អែរ យំសោក បំភាន់ព័ត៌មាន បំភ្លៃការពិត បង្កចលាចល និងបំពុលបរិយាកាស សង្គមពាក់ព័ន្ធនឹងបញ្ហាដីធ្លី។

ជាក់ស្តែង តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានលើទំព័រ Facebook របស់គណនីឈ្មោះ បងនុ សំឡូត ដែលបានផ្សព្វផ្សាយដោយសម្តែងការត្អូញត្អែរ យំសោក ផ្ទុយពីការពិត ថាមន្ត្រីឃុបឃិតគ្នាជាប្រព័ន្ធលួចដីរបស់គាត់ ស្ថិតនៅសង្កាត់និមិត្ត ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ការពិត នេះជាករណីពាក់ព័ន្ធនឹងដីចំណីផ្លូវទំនប់អាងអូរខៃដន ដែលកន្លងមក អាជ្ញាធរមូលដ្ឋានបានសម្របសម្រួល និង ដោះដូរទីតាំងដីជូនប្រជាពលរដ្ឋមួយចំនួនធំដែលស្ម័គ្រចិត្ត ដើម្បីរៀបចំពង្រីកផ្លូវ និងដាក់បង្គោលភ្លើងអគ្គិសនីបំភ្លឺផ្លូវ ឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណភាព។ ជាមួយគ្នានេះដែរ គ្រួសាររបស់ឈ្មោះ គាត់ សារ៉ាត់ ដែល បានផ្សព្វផ្សាយព័ត៌មានតាមទំព័រ Facebook ខាងលើ បានស្នើសុំ និងឯកភាពយល់ព្រមទទួលយកដីទីតាំងដដែល ដែលនៅសល់ក្រោយពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈរួច។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែសហការ និងប្រកាន់ខ្ជាប់ នូវជំហរយោគយល់គ្នារកដំណោះស្រាយលើបញ្ហាដីធ្លីក្នុងបរិយាកាសមិនមានវិវាទ និងសូមធ្វើការបដិសេធទាំងស្រុង ចំពោះបុគ្គលមួយចំនួនតូច ដែលតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម បំភាន់ព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គមពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងចេតនាញុះញង់ បង្កចលាចលក្នុងសង្គម នាំឱ្យសាធារណជន ទូទៅ មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់និងជាសកល មានការយល់ច្រឡំ បង្កផលប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖