ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ សាស្រ្តចារ្យ គ្រូនគរបាលជាតិ មន្រ្តី និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាចំនួនប្រមាណជាង១ ០០០នាក់។

លោកនាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពនិងសមិទ្ធផលធំៗ ជាច្រើនដែលសម្រេចបានជាង៩០% នៃផែនការសកម្មភាព ឆ្នាំ២០២៤ ដោយសារតែមានការឧបត្ថម្ភគាំទ្រយ៉ាងមុតមាំពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការប្ដេជ្ញាចិត្ត ឆន្ទៈមោះមុត និងការខិតប្រឹងប្រែងក្នុងការបំពេញភារកិច្ចស្នូលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់កម្រិត សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភា ផងដែរ។

មានប្រសាសន៍ទៅកាន់អង្គសន្និបាត នាឱកាសនោះ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់ ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កើតបាននូវសមិទ្ធផលថ្មីៗជាច្រើន និងជំរុញឱ្យបណ្ឌិត្យសភាមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការអប់រំ បណ្ដុះបណ្ដាលកងកម្លាំងនគរបាល និងមន្រ្តីពន្ធនាគារ ឱស្របតាមស្ដង់ដាគុណភាពជាតិនិងអន្ដរជាតិ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានណែនាំដល់បណ្ឌិត្យសភា ត្រូវបន្តអនុវត្តកម្មវិធីកំណែទម្រង់ និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីធ្វើឱ្យសម្រេចបានផែនការយុទ្ធសាស្ត្រររយៈពេល៥ឆ្នាំ ដំណាក់កាលទី៣ របស់ខ្លួន ដែលបានកំណត់៕

ដោយ ៖ សិលា


ចែករំលែក៖