ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាម បានពង្រឹងវិស័យការពារជាតិ ដើម្បីកសាងទំនុកចិត្ត និងទប់ស្កាត់សង្គ្រាម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ ២០២៤ បានផ្សាយថា វៀតណាម បានលើកឡោះង នូវបំណងពង្រីកកិច្ចសហប្រតិបត្តិការនៃវិស័យការពារជាតិអន្តរជាតិ ដើម្បីកសាងទំនុកចិត្ត និងទប់ស្កាត់សង្គ្រាម ស្របពេលដែលសហរដ្ឋអាមេរិករំពឹងថា ឧស្សាហកម្មការពារជាតិរបស់ខ្លួន អាចដើរតួនាទីសំខាន់ក្នុងការបំពេញបំណងរបស់វៀតណាម។

នៅឯពិធីបើកពិព័រណ៍អាវុធអន្តរជាតិលើកទីពីររបស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងថា ពិព័រណ៌នេះគឺជាសារនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោក Chinh និយាយថា វៀតណាមនឹងរក្សា គោលនយោបាយនិយាយថាទេចំនួួន ៤របស់ខ្លួន នោះគឺមិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចុះសម្រុងជាមួយប្រទេសមួយ ទៅប្រឆាំងប្រទេសមួួយទៀត មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស ឬប្រេីប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសមួយទៀត និងមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងនៅក្នុងទំនាក់ទំនងអន្តរជាតិ។
នៅខាងក្រៅពិព័រណ៍ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Marc Knapper បាននិយាយថា ក្រុមហ៊ុនការពារជាតិអាមេរិក អាចសហការជាមួយសមភាគីវៀតណាមក្នុងវិស័យជាច្រើន រួមទាំងការផលិតអាវុធរួមគ្នា និងការផ្ទេរបច្ចេកវិទ្យាផងដែរ។ លោក Knapper បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយមន្ត្រីការពារជាតិ និងយោធាជាន់ខ្ពស់អាមេរិកផ្សេងទៀតថា គោលដៅរបស់យើងគឺធានាថា វៀតណាមមានអ្វីដែលខ្លួនត្រូវការ ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅសមុទ្រ លើអាកាស លើគោក និងតាមព័ត៌មានវិទ្យា។
ពិព័រណ៍អាវុធដែលនឹងដំណើរការ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ កំពុងប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ដោយមានអ្នកតាំងពិព័រណ៍ជិត ២៥០មកពីប្រទេសជាច្រេីនរួមទាំងសហរដ្ឋអាមេរិក ចិន រុស្ស៉ី អង់គ្លេស អ៉ីរ៉ង់ និងអ៉ីស្រាអែល៕ ដោយ៖ ធីរីណា

រូបថត​៖ Phaluat


ចែករំលែក៖