ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់ ជិះម៉ូតូស្រវឹងធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះមុនីរ៉េត លុះមកដល់ចំណុចមុខសាលាភូមិឫស្សី ក៏ជ្រុលបុកម៉ូតូគេពីក្រោយបណ្តាលឲ្យ ដួលចច្រងាប់ច្រងិល សន្លប់ម្នាក់ឯង ហើយត្រូវប្រជាពលរដ្ឋជួយលើកដាក់លើសួនផ្លូវ ។ ចំណែកភាគីម្ខាងទៀត ឃើញដូច្នោះក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅបណ្តោយផ្លូវព្រះមុនីរ៉េត មុខសាលាភូមិឫស្សី ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកពី ត្បូង ទំនងស្រវឹងផងដែរនោះ ក៏ជ្រុលបុកម៉ូតូគេពីក្រោយបណ្តាលឲ្យដួលច្រងាប់ច្រងិលតែម្នាក់ឯង ហើយភាគីម្ខាងទៀត ប្រជាពលរដ្ឋជួយចាប់ឃាត់ដែរ តែគាត់ប្រាប់ថា គាត់អត់បានបុកប៉ះគាត់ទេ ទើបពលរដ្ឋព្រលែងឲ្យគាត់ទៅ ។
ប្រភពដដែលបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1N-8770 ។ ក្រោយកើតហេតុ បងប្អូនជនរងគ្រោះក៏បានមកឌុបទៅផ្ទះបាត់ទៅ ៕ តាឡឹម