ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខផ្សារស្ទឹងមានជ័យថ្មីត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្តផ្ញើនៅផ្សារ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាសន្តិសុខយាមនៅផ្សារស្ទឹងមានជ័យថ្មី ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈកំពុងធ្វើការ ។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានបញ្ជាក់ ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាន់ ហាំព្លី ហៅ ជី១ ភេទប្រុស អាយុ១៦ឆ្នាំ ជាសន្តិសុខយាមផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅក្នុងផ្សារ ។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ អំ សុធី ភេទប្រុស អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤៤អា ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយរថយន្តដែលបាត់នោះម៉ាកកាមរីឆ្លាម ពណ៌ ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2D-1627 ។

លោកអធិការរងបន្តថា នៅវេលាម៉ោង១២និង ៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក៏មានការភ្ញាក់ផ្អើលថាបាត់រថយន្តខាងលើ ដោយបក្សពួកឈ្មោះរ៉ែន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមិន ស្គាល់ឈ្មោះបានលួចយករថយន្តកាមរីឆ្លាមខាងលើនេះគេចខ្លួនបាត់ ។

លោកអធិការរងបន្តថា ទោះបីជាយ៉ាងណា ក៏ក្រុមសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌ បានដឹកជនសង្ស័យខាងលើនេះទៅចង្អុលបង្ហាញមុខសញ្ញា  ហើយជនសង្ស័យខាងលើកំពុងស្ថិតក្រោមការឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសួរនាំ និងបន្តនីតិវិធី ៕ តាឡឹម

IMG_8568

 
សូមអានបន្ត ៖ ស្រវឹងជិះម៉ូតូបុកគេពីក្រោយដួលសន្លប់ខ្លួនឯងនៅផ្លូវមុនីរ៉េត មុខសាលាភូមិឬស្សី


ចែករំលែក៖