ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពពីលោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈរនិយាយគ្នាលេងជាមួយមិត្តភក្ត្រ័ចំនួន ០៣នាក់ ដោយនៅក្នុងនោះមានរូបជនរងគ្រោះផងដែរ ស្រាប់តែកំពុងឈរនិយាយគ្នាលេង ក៏បានលិចមុខជនសង្ស័យខាងលើ មិនដឹងចេញពីណាមកទេ ក៏បានយកដាវសាំម៉ូរៃកាប់មកលើជនរងគ្រោះ បានបណ្តាលអោយត្រូវកែងដៃឆ្វេង និងក្បាលផ្នែកខាងមុខរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះបានទូរស័ព្ទទៅប្តឹងលោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីជួយអន្តរាគមន៍ ភ្លាមៗនោះ លោក តូច គឹមសុង ក៏បានបញ្ជាអោយកម្លាំងសមត្ថកិច្ច និងប្រជាការពារសង្កាត់ ចុះទៅកន្លែងកើតហេតុធ្វើការសាកសួរ រួចទាំងបានឃាត់ខ្លួនជនសង្ស័យ រួចជាមួយវត្ថុតាងដាវសាំម៉ូរៃ មួយដើម យកមកប៉ុស្តិ៍ឫស្សីកែវ ធ្វើការសាកសួរ ។
លោក តូច គឹមសុង បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ០៩១ ផ្លូវរថភ្លើង ក្រុម៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតីវិធីច្បាប់ ៕ អរុណរះ