ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន។

ការលើកឡើងរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។ 

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។  

សម្ដេចបវរធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម។ 

សម្ដេចបវរធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រេីនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ថា «នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម»។ 

ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

ដោយ ៖ សិលា


ចែករំលែក៖