ភ្នំពេញ៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកងទ័ពកងពលធំអន្តរា គមន៍លេខ៣ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកអំពីព្រឹត្តិការណ៍ដែលនាំឲ្យមាន ការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានឹងកងទ័ពថៃ គ្រាដែលរដ្ឋាភិបាលថៃកាលណោះ ដឹកនាំដោយលោក អាប់ភីសីុត វាចាជីវា ជានាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថា នៅក្នុងដំណើរពិនិត្យវឌ្ឍន ភាពនៅឯខេត្តព្រះវិហារសម្ដេចតេជោប្រមុខ រាជរដ្ឋាភិបាលបានអញ្ជើញធ្វើដំណើរដោយរថយន្តតាមផ្លូវជាតិលេខ៦២ចេញពីទីរួម ខេត្តព្រះវិហារឆ្ពោះទៅសួរសុខទុក្ខសំណេះ សំណាលជាមួយកងទ័ពនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ។
នៅតាមផ្លូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាក៏បានឆៀងចូលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាមរតកតេជោសែន ស្ថិតនៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងឱកាសនោះសម្ដេចតេជោក៏បានសម្រេចផ្តល់ការសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើ នឹង១២បន្ទប់ ទីចាត់ការ១ខ្នង ស្មើនឹង៣ បន្ទប់ ជួសជុលអគារចាស់ ចាក់ផ្លូវបេតុង ចូលសាលា ធ្វើខ្លោងទ្វារថ្មី ធ្វើរបងព័ទ្ធជុំវិញ និងបង្កើតឱ្យទៅជាអនុវិទ្យាល័យ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តដំណើរអញ្ជើញទៅកាន់បញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣ជាបន្តទៀត។ ក្នុង ពិធីជួបសំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោប្រុមុខរាជរដ្ឋាភិបាលបាន មានប្រសាសន៍ថា «សភាពការណ៍ដូចជា តម្រូវឲ្យរៀបចំ»។ ក្នុងន័យនេះសម្ដេចបានអរគុណដល់អតីតនាយករដ្ឋមន្ត្រីថៃ អាប់ ភីស៊ីត វេចាជីវ៉ា បើសិនមិនកេះខ្នងយើង តាមរយៈការឡើងមកភ្នំទ្រព្យដោយស្ងាត់ស្ងៀមនោះទេ ប្រហែលជាភ្នំទ្រព្យគ្មានភ័ព្វ សំណាងបានគ្រប់គ្រងដូចសព្វថ្ងៃនេះទេ។
សម្តេចតេជោមានប្រសាសន៍ថា ភាព ឈ្លើយរបស់អាប់ភីស៊ីត បានបញ្ជូនកងទ័ពមកកាន់វត្តកែវសិក្ខាគិរីស្វារៈដូចបើកឱកាស ឲ្យយើងចល័តកងទ័ពភ្លាមទៅកំពូលភ្នំ ទ្រព្យ និងគ្រប់គ្រងភ្នំទ្រព្យ។ បើទោះបីជាភ្នំទ្រព្យមិនស្ថិតក្នុងវិសាលភាពនៃការបកស្រាយសាលដីកាដោយសារភ្នំទ្រព្យជាភ្នំមួយផ្សេង និងភ្នំព្រះវិហារជាភ្នំមួយផ្សេង។ តែយ៉ាងណាក៏ដោយភ្នំទ្រព្យស្ថិតក្នុងការកាន់កាប់របស់យើងភាគច្រើននិងមួយផ្នែកកាន់កាប់ដោយកងទ័ពថៃ ។
សម្ដេចបន្តថា អ្វីដែលយើងត្រូវការនៅ ទីនេះគឺមិនមែនជាសង្គ្រាមនោះទេហើយយើងមិនចង់ធ្វើសង្គ្រាមនោះដែរ។ យើងបង្ខំ ចិត្តខ្លាំងណាស់អត់ធ្មត់ខ្លាំងណាស់ដើម្បី រក្សាសេចក្ដីសុខជាមួយប្រទេសជិតខាង។ ប៉ុន្តែភាពជម្លើយរបស់អាប់ភីស៊ីត មិនឲ្យអ្នក ឯងមើលងាយកម្ពុជាបាននោះទេ។ ដូច្នេះ ហើយព្រឹត្តិការណ៍ខែកុម្ភៈ ឆ្នាំ២០១១ គឺជា ព្រឹត្តិការណ៍ដែលយើងត្រូវតែដាក់ឲ្យដឹងតែម្ដងដោយប្រមូលផ្ដុំទាំង៣ទិស។ ទិស យោធាវៃ៉នៅនឹងកន្លែង។ ទិសនយោបាយ គឺទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងទិសខាងផ្លូវច្បាប់គឺ ទម្លាយទ្វារទៅកាន់តុលាការក្រុងឡាអេដើម្បី បកស្រាយសាលក្រមឆ្នាំ១៩៦២ ។
ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរអស់ហើយតាម រយៈការដកកម្លាំងជាបណ្ដើរៗ ហើយទីចុង បំផុតកម្លាំងនៅវត្តកែវសិក្ខាគិរីស្វារៈក៏ត្រូវបានដកចុះទៅក្រោម ។
យោងតាមរបាយការណ៍របស់ឧត្តម សេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការ ចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានគោរពរាយការណ៍ជម្រាបជូនសម្តេចតេជោឱ្យដឹងអំពីសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងកិច្ចការពង្រឹងកងទ័ពហ្វឹក ហ្វឺនបំប៉នសុខភាពក៏ដូចជាការងារជួយដល់ក្រុមគ្រួសារកងទ័ព ជាពិសេសលើការងារបង្កបង្កើនផលដាំបន្លែបង្ការផ្សេងៗដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារឱ្យកាន់តែមានជីវភាពល្អ ប្រសើរក្រោយពីបានឈរជើង ការពារ បូរណភាពទឹកដី និងខ្សែត្រៀមជួរមុខជាង៨ឆ្នាំកន្លងមក ។
បច្ចុប្បន្ន បងប្អូន នៅតាមបណ្ដាអង្គភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ទាំង មូលក្រោយពីបានផ្ទេរប្រគល់បងប្អូនគឺ បាននិងកំពុងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនយ៉ាងសកម្ម និងផុលផុសនៅគ្រប់ បណ្ដាអង្គភាព និងទីបញ្ជាការកងពលធំក៏ដូចជានៅតាមបណ្ដាកងពលតូចអន្តរាគមន៍ ចំណុះទាំង៣ មានលេខ៧ លេខ៨ លេខ៩ ដោយអង្គភាពខ្លះហ្វឹកហ្វឺនរៀបរយនិងពាក់កណ្ដាលរៀបរយរបស់ខ្លួន ៕
ហេង សូរិយា