ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ”

ចែករំលែក៖

ភ្នំពេញ៖ “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធ មិនមែនជាយន្តការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ។” នេះជាប្រសាសន៍របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. លើកឡើងក្នុងសិក្ខានសាលា ស្តីពី«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកបញ្ជាក់អំពីសាវតា និងគោលបំណងនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ថាជាផ្នែកមួយដ៏សំខាន់នៃវិធានការគន្លឹះទី២ នៃការកែទម្រង់រដ្ឋបាលសាធារណៈ និងតាមរយៈការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុល បង្ហាញឱ្យក្រសួង ស្ថាប័នសាមី ចាំបាច់ធ្វើការវិភាគមុខងារ ដែលក្រសួង ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនោះ ក្រសួងមុខងារសាធារណៈដែលជាលេខាធិការដ្ឋាននៃ គ.វ.រ. តែងតែត្រៀមលក្ខណៈរួចរាល់ក្នុងការគាំទ្រផ្នែកបច្ចេកទេសសម្របសម្រួលដល់ក្រសួង ស្ថាប័នទាំងនោះ។ 

លោកបានបន្ថែមថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ ប៉ុន្តែកាវិភាគមុខងារជាការសម្រួចការអនុវត្តឱ្យចំគោលដៅអាទិភាពនៃមុខងាររបស់ក្រសួង ស្ថាប័ន និងសម្រួចចក្ខុវិស័យក្រសួង ស្ថាប័ន ឱ្យស្របទៅការងារអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាឱកាសក្នុងការកសាងរដ្ឋបាលសាធារណៈសម្រាប់អនាគតកម្ពុជា និងអ្នកជំនាន់ក្រោយរបស់កម្ពុជា”។

ចុងបញ្ចប់ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ដោយសង្កត់ធ្ងន់

អំពីវប្បធម៌នៃការសហការការងារជាមួយគ្នាថា អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដែលជាការគិតគូរ ផ្គួបផ្សំនឹងជំហររបស់ក្រសួងមុខងារសាធារណៈ អាណត្តិទី៧ គឺប្រកាន់ជំហរក្នុងការពិគ្រោះយោបល់ឱ្យបានច្រើនដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក មិនមែនគ្រាន់តែរៀបចំដាក់ជាបន្ទុកឱ្យអនុវត្តតែម្តងនោះទេ។ “យើងចង់ ឱ្យមានមតិពិគ្រោះយោបល់ និងជាសំណួរ ដើម្បីឱ្យយើងមានការបកស្រាយជាហេតុ និងផល និងដើម្បីឱ្យក្រសួងសាមីចូលរួមចំណែកជាមួយគ្នាក្នុងការអនុវត្តវិធានការគន្លឹះ ជាពិសេសការវិភាគមុខងារទៅមុខបន្តទៀត។”

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួម មាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើង វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្រប ខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

ដោយ៖ សូរិយា


ចែករំលែក៖