ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុំ រាត្រី បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឱ្យខាងតែបាន នូវករណីក្មេងទំនើងនៅតាមមូលដ្ឋាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង៩ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពួតដៃគ្នាបង្ក្រាបនូវករណីក្មេងទំនើង ដែលកំពុងតែងើបឡើងវិញ បង្កនូវភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ 

លោកអភិបាលខេត្តបានដាក់ចេញបទបញ្ជាបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ 

ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានថ្លែងការកោតសរសេីរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំពុះពារ រែកពុនការងារនានាជាច្រើនប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ទាំងសន្តិសុខតាមបណ្តោយព្រំដែនមានលក្ខណៈល្អប្រសើរ រក្សាបាននូវបូរណភាពទឹកដី ជាតំបន់មិត្តភាពនិងអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ 

ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានសង្កត់ធ្ងន់ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តើមចេញពីការបម្រើសេវារដ្ឋបាលនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋាន គឺត្រូវបានពង្រឹងនិងពង្រីកទាំងគុណភាពបរិមាណ និងសមត្ថភាព តាមរយៈការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយបង្ហាញ ” ស្នាមញញឹមខេត្តបន្ទាយមានជ័យ” រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការបង្ក្រាបក្មេងទំនើងដែលកំពុងតែមានសកម្មភាពងើបឡើងវិញ ក៏ដូចជាអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តរឹតបន្តឹងការបង្ក្រាបករណីផ្សេងៗ ដូចជាករណីក្មេងទំនេីង អនុវត្តទៅតាមនីតិវិធី និងបន្តស្រាវជ្រាវនូវមុខសញ្ញាដែលតែងតែបង្កនូវអសន្តិសុខនៅក្នុងមូលដ្ឋាន ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងបំពេញក្តីសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសេីរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖