ព័ត៌មានទាន់ហេតុការណ៍៖

ទិត្យ វិច្ឆិកា ដឹកនាំសិល្បករជាង៣០នាក់ប្រគំតន្រ្តីរថវិកាសង់សាលារៀនមួយខ្នងនៅកោះកុង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង ទិត្យ វិច្ឆិកា នឹង ដឹកនាំសិល្បករយ៉ាងហោចណាស់ប្រមាណជាង៣០នាក់ដើម្បីរួមគ្នាច្រៀងនិងសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីមួយមានឈ្មោះថា “តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ”ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀននិងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុង។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នៅភោជនីយដ្ឋាន Jet’s Star។

លោក ទិត្យ វិច្ឆិកា បានឲ្យដឹងថា រូប លោក និងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នារៀបចំ កម្មវិធីប្រគំតន្ត្រីនិងតាំងពិព័រណ៍មួយដែលមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបុរី ញូវថោន(អូដឹម) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីរៃអង្គាសប្រាក់ ប្រមាណជាង៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នងមាន៤បន្ទប់បន្ទប់ទឹក២ និង ស្ពានឆ្លងអូរប្រវែង៣០ម៉ែត្រគឺសាលាបឋមសិក្សាឧបសម្ព័ន្ធអូរកី ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

លោក បានបន្តថា ការផ្តួចផ្តើមគំនិតនេះឡើងដោយសារតែរូបលោកបានទៅដល់ទីតាំងខាងលើបានជួបប្រជាពលរដ្ឋនិងកុមារាកុមារីដែលមានជីវភាពខ្វះខាតនិងត្រូវការសាលា រៀនមួយខ្នងដើម្បីបានសិក្សា។ ជាងនេះទៅទៀតប្រជាពលរដ្ឋបានជួបទុក្ខលំបាកដោយសារតែគ្មានស្ពានឆ្លងកាត់អូរទើបលោកត្រូវរកថវិកា ជំនួយសម្រាប់ធ្វើស្ពានជូនប្រជាពលរដ្ឋនិងសិស្សបានដើរឆ្លង។ លោកបញ្ជាក់ថាប្រភពចំណូលសំខាន់ៗសម្រាប់គម្រោងសាងសង់សាលារៀននេះគឺរំពឹងទៅលើសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសបណ្តាក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍លក់ផលិតផលដែលឧបត្ថម្ភ។

លោកថា អ្នកចូលទស្សនានឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយសេរីរួមទាំងចូលទិញផលិតផលរបស់ក្រុមហ៊ុនជាច្រើន។ លោករំពឹងថាកម្មវិធីនេះនឹងទទួលបានជោគជ័យខ្ពស់ ខណៈដែលមានបណ្តាក្រុមហ៊ុន និងសប្បុរសជនមួយចំនួនចូលរួម ប៉ុន្តែលោកមិនមានគម្រោងក្នុងការរៀបចំកម្មវិធីបែបនេះញឹកញាប់នោះទេព្រោះតែលោកមិនចង់ឲ្យមានការលើកឡើងថា ជា អាជីវកម្ម ហើយលោកអាចនឹងរៀបចំឲ្យ មានព្រឹត្តិការណ៍នេះក្នុងមួយឆ្នាំម្តង។

លោក ម៉ៅ រតនា អគ្គនាយកក្រុមហ៊ុន RGB Media បានបញ្ជាក់ថាRGBគឺជាក្រុមហ៊ុនដែលបង្កើតសេវាកម្ម ផលិតភាពយន្ត បទចម្រៀង ការរៀបចំកម្មវិធីប្រគំតន្ត្រីជាដើម។ កន្លងមកថ្មីៗនេះក្រុមហ៊ុនបានបង្កើតកម្មវិធីសប្បុរសធម៌ជាមួយសមាគមសាសនារបស់ប្រទេសកូរ៉េដើម្បីស្វែងរកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថា ការណ៍ ដែលលោកសម្រេចចិត្តសហការជាមួយ នឹងលោក ទិត្យ វិច្ឆិកា ព្រោះតែសកម្មភាពជួយសង្គមរបស់លោកទិត្យ វិច្ឆិកាកន្លងមកបានធ្វើឲ្យក្រុមហ៊ុនលោកចាប់អារម្មណ៍។ លោកម៉ៅ រតនា បញ្ជាក់ថា ក្រុមហ៊ុនមានឧបករណ៍គ្រប់គ្រាន់សម្រាប់រៀបចំកម្មវិធីប្រគំតន្ត្រី ហើយលោកទិត្យ វិច្ឆិកា បានដឹកនាំសិល្បករសិល្បការិនីស្ម័គ្រចិត្តចូលរួម ដូច្នេះមិនមានអ្វីដែលត្រូវចំណាយច្រើនទេ ហើយលោករំពឹងថាកម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនហើយពេលនេះក្រុមហ៊ុនលោកក៏ទទួលបានការគាំទ្រពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមការគាំទ្រពីក្រសួងព័ត៌មាននិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមកិច្ចសហការរៀបចំជាមួយនឹងក្រុមហ៊ុន RGB Media។ សិល្បករសិល្បការិនីដែលនឹងមានវត្តមានក្នុង កម្មវិធីប្រគំតន្ត្រីនេះសុទ្ធតែជាសិល្បករ សិល្បការិនីល្បីឈ្មោះនៅកម្ពុជាមាន ដូច ជាកញ្ញា មាស សុខសោភា, លោក ខាត់ ជេម, លោក នេនទុំ, លោកអីុណូ, កញ្ញា ហង្ស សុជាតា , លោក ហេង ពិទូ, កញ្ញា យូរី, កញ្ញា អ៊ុន អាលីហ្សា, លោកនៅ ស៊ីនឿន, ក្រុមតារា កំប្លែងទូរទស្សន៍CTNនិងសិល្ប ករជាច្រើនរូបទៀត៕ វឌ្ឍនា

 

IMG_7349 IMG_7378 IMG_7390 IMG_7323


ចែករំលែក៖