ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពស្នងការដ្ឋាននគរបាលខេត្ដតាកែវបានបង្ហាញមុខ ក្មេងទំនើង ៨នាក់ ក្នុងចំណោមបក្ខពួកសរុប ១៣នាក់ ក្នុងករណីក្មេងទំនើងធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះចំនួន ៣នាក់ បណ្ដាលអោយរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីម៉ោង ២:៥៦នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំនុចផ្លូវជាតិលេខ៣ ភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្ដតាកែវ ។

យោងតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ(ក្មេងទំនើង)បាននិយាយថា មុនធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ គឺដោយសារតែពួកគេខឹងនឹងក្រុមជនរងគ្រោះ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់មកលើបក្ខពួកក្រុមគេមុន ទើបពួកគេជិះម៉ូតូ ៦គ្រឿង មានគ្នា ១៣នាក់ដេញតាមកាប់ពីក្រោយដើម្បីសងសឹកវិញ។ 

ក្រោយកើតហេតុ ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដតាកែវ សមត្ថកិច្ចយើងឈានទៅបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ សរុបចំនួន ៨នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ និងអ្នកបើកបរម៉ូតូម្នាក់ ហើយ៦នាក់ទៀតជាបក្ខពួកចូលរួមធ្វើសកម្មភាព នៅសល់ ៥នាក់ទៀតកំលាំងសមត្ថកិច្ចជំនាញកំពុងមានវិធានការ។ 

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ៨នាក់នេះ មាន ៥នាក់មានទីលំនៅខេត្ដតាកែវ និង៣នាក់នៅខេត្ដកំពង់ស្ពឺ ក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូបាន ៥គ្រឿង ដាវ១ កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យទាំង ៨នាក់នេះ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖