ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរដែលបានទៅទស្សនកិច្ចនៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ នៃខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះមិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរកំពុងយកចិត្តទុកដាក់ និងគិតគូរអំពីសុវត្ថិភាពរបស់ពួកគេ ។ លោកបញ្ជាក់ទៀតថា ក្រោយពីជួបបញ្ហាគ្រោះថ្នាក់ភ្លាម លោកក៏បានទំនាក់ទំនងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីជួយអន្តរាគមន៍សង្គ្រោះពួកគេ ។ ដោយឡែក សិស្សមួយចំនួនក៏ត្រូវបានអភិបាលខេត្តកំពង់ស្ពឺរៀបចំអាហារពេលល្ងាចទទួលពួកគេផងដែរ។ យ៉ាងណាមិញ ក្រោយពីទទួលទានអាហារហើយ អាជ្ញាធរខេត្តកំពង់ស្ពឺនឹងយករថយន្តផ្សេងដើម្បីដឹកជញ្ជូនសិស្សទាំងអស់នោះមកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាមវិញ ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានរៀបចំឲ្យអាជ្ញាធរ និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដើម្បីទទួលសិស្សទាំងអស់នោះនៅមុខវិទ្យាល័យល្វានាពេលពួកគេធ្វើដំណើរមកដល់ទៀតផង។
តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឱ្យដឹងថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ មានករណីរថយន្តក្រុង បានរេចង្កូតធ្លាក់ផ្លូវ រួចទៅអែបជាប់នឹងជ្រោះមានដើមឈើ ចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំចំបក់ ស្រុកភ្នំស្រួច លើខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ។ ជាមួយនោះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍ដើម្បីជួយសង្រ្គោះមនុស្សផងដែរ ។
បើតាម លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឱ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សានៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ នោះ បានដឹកនាំដោយគ្រូ០១រូប និងក្រុមគ្រួសារចំនួន៤រូប ហើយបានធ្វើដំណើរតាមរថយន្តក្រុង១គ្រឿងមានមនុស្ស សរុប ៦៨នាក់ ក្នុងនោះ សិស្សថ្នាក់ទី ១១, ថ្នាក់ទី១២ និងនិស្សិតឆ្នាំទី១ចំនួន ៦៣នាក់ ស្រី ៤០នាក់ ។
បើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ គិតមកដល់ពេលនេះ ករណីរថយន្តក្រុងដឹកសិស្សសាលាហើយធ្លាក់ផ្លូវនៅលើភ្នំគិរីរម្យ ត្រូវបានសមត្ថកិច្ចនគរបាលជួយអន្តគមន៍ និងនាំចុះមកដល់ក្រោមជើងភ្នំដោយសុវត្ថិភាព។ ក្នុងនោះមនុស្សនៅក្នុងរថយន្តមានចំនួនប្រមាណ៦៨នាក់ ស្រី៤៣ ដែលមានលោកគ្រូ អ្នកគ្រូនិងសិស្សមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយជាសំណាងល្អគ្មាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ប៉ុន្តែមានអ្នករងរបួសធ្ងន់/ស្រាល ២នាក់ គឺតៃកុងឡាន និងព្រូឡាន។
ចំពោះមូលហេតុដែលបណ្ដាលឱ្យរថយន្តក្រុងមួយនេះជួបគ្រោះថ្នាក់ គឺដោយសារតែរថយន្តដាច់ហ្វ្រ័ងរេចង្កូតធ្លាក់ផ្លូវរេទៅអែបនឹងជ្រោះរួចទៅបុកដើមឈើត្រង់ចំណុចលោកយាយបាំងដៃហួសជ្រោះអូរកសេះ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ឃុំចំបក់ លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសមៈ គិរីរម្យ៕
ដោយ ៖ សិលា