ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល ១ថ្ងៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

សន្និបាតនេះ បានទទួលការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ លោកនាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងអញ្ជើញជាអធិបតីក្នុងពិធីបិទដោយ លោក សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមចំនួនប្រមាណ ៧៥០នាក់។

ក្នុងនោះ មានការចូលរួមពីលោក តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាលរង នាយករដ្ឋបាល ប្រធានទីចាត់ការធនធានមនុស្ស រាជធានី ខេត្ត ស្នងការរងទទួលផែនធនធាន មនុស្ស នាយការិយាល័យបុគ្គលិករាជធានី ខេត្ត តំណាងពន្ធនាគាររាជធានី ខេត្ត តំណាងមណ្ឌលអប់រំកែប្រែ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ រួមមាន៖ 

ទី១-ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ, ។

ទី២-ចែករំលែកបទពិសោធល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារបុគ្គលិក ។

និងទី៣-ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យឆ្លើយតបទៅនឹង បេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងសំណូមពររបស់អង្គភាព ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត។

ក្រោយដំណើរការអង្គសន្និបាតរយៈពេលពេញមួយថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក អង្គសន្និបាត បានបង្ហាញថា លទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស សម្រេចបានចំនួន ៨២,៦១% នៃផែនការសកម្មភាពឆ្នាំ២០២៤ និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៥ ស្របតាម ផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស។

លទ្ធផល ដែលសម្រេចបាននេះ ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំនិង យកចិត្តទុកដាក់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការ ណែនាំតម្រង់ទិសជាប់ជាប្រចាំពីលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ មានកិច្ចសហការល្អពីអង្គ ភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ ខ្លួនបានយ៉ាងល្អ៕

ដោយ ៖ សិលា


ចែករំលែក៖