ក្រុមភ្ញៀវ Newcastle United បានយកឈ្នះម្ចាស់ផ្ទះ Manchester United ក្នុងលទ្ធផល ២-០ ក្នុងក្របខ័ណ្ឌ Premier League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ធ្នូនេះ ដោយសារគ្រាប់បាល់នាំមុខមុនរបស់ Alexander Isak និង Joelinton នៅ Old Trafford ដែលជាបរាជ័យដ៏អាក្រក់នៅចុងឆ្នាំដ៏វេទនាបំផុតមួយនៅក្នុងការចងចាំនាពេលថ្មីៗនេះរបស់ក្រុមម្ចាស់ផ្ទះ។
ជាមួយនឹងការចាញ់ចំនួន៥ដងក្នុងការប្រកួតលីកចំនួន៦ចុងក្រោយរបស់ពួកគេ ក្រុម Manchester United ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ក្នុងតារាងដែលមាន២២ពិន្ទុ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតរបស់ពួកគេក្នុងការបញ្ចប់ឆ្នាំចាស់ចាប់តាំងពីពួកគេឈរនៅលេខ១៥ ក្នុងឆ្នាំ១៩៨៩ ខណៈដែល Newcastle ស្ថិតនៅលេខ៥មាន៣២ពិន្ទុ។
អ្នកចាត់ការលោក Ruben Amorim ដែលបានហៅតំណែងក្រុមក្នុងតារាងគួរឱ្យអាម៉ាស់បាននិយាយថា “គ្រាដ៏លំបាកមួយក្នុងប្រវត្តិសាស្ត្រ Manchester United។ វាជាពេលវេលាដ៏លំបាកមួយ ប៉ុន្តែពួកយើងត្រូវតែតស៊ូដើម្បីឈ្នះការប្រកួតបន្ទាប់”។
ខ្សែប្រយុទ្ធ Isak របស់ Newcastle រកបានគ្រាប់បាល់នាំមុខតាំងពីនាទីទី៤ នៅពេលដែលគាត់បានលោតតែតបញ្ចូលទីពីការបញ្ជូនបាល់យ៉ាងសំខាន់ពី Lewis Hall ដោយមានទាំង Harry Maguire និង Lisandro Martinez ខំជួយបិទក៏នៅតែមិនអាចជួយបាន។ នេះគឺជាគ្រាប់ទី១១ក្នុងចំណោម១១ប្រកួតសម្រាប់ Isak ដែលបានស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុង Premier League ក្នុងខែធ្នូ ច្រើនជាងកីឡាករដទៃទៀតដែលមានតែ៨គ្រាប់។
ក្រុមភ្ញៀវ Newcastle រកបានគ្រាប់បាល់ទី២នាំមុខនៅនាទីទី១៩ ដោយកីឡាករ Joelinton តែតបញ្ចូលទីពីការបញ្ជូនរបស់ Anthony Gordon។ ជ័យជម្នះនេះបានកត់សម្គាល់ជ័យជម្នះជាលើកទីពីររបស់ Newcastle នៅ Old Trafford ក្នុងការជួបគ្នា៤០ប្រកួតក្នុងលីកដែលមានតាំងពីឆ្នាំ១៩៧២។ គ្រាប់បាល់ទី៣ក៏បានកើតឡើងដែរ ដែលរកបានដោយ Isak ដដែលបានវាយបកទៅលើអ្នកចាំទី Andre Onana ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់បានគ្រវីទង់ថា ជាបាល់ Offside។
គ្រូបង្វឹកក្រុម Newcastle លោក Eddie Howe បាននិយាយថា “យើងដឹងថាការប្រកួតនេះធ្លាប់មានសម្រាប់ពួកយើងជាប្រវត្តិសាស្ត្រ វាមិនចាញ់ពួកយើងទេ។ យើងមិនចាំបាច់ប្រើវាជាមួយកីឡាករនោះទេ ប៉ុន្តែគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខសម្រាប់ពួកយើងនៅថ្ងៃនេះ។ ខ្ញុំគិតថាយើងត្រូវឈ្នះបែបនេះដើម្បីសម្រេចបាននូវអ្វីដែលយើងចង់បានជាប្រចាំ”។
នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ១៩៧៩ ដែលក្រុម Manchester United បានចាញ់ការប្រកួតលីកចំនួន៣លើកជាប់ៗគ្នានៅក្នុងផ្ទះ។ គ្រាប់បាល់បញ្ចូលទី១៨គ្រាប់ ដែលស៊ុតចូល Man Utd ក្នុងការប្រកួតទាំងអស់នៅក្នុងខែធ្នូគឺច្រើនបំផុតរបស់ពួកគេក្នុងរយៈពេលតែមួយខែចាប់តាំងពីខែមីនា ឆ្នាំ១៩៦៤។
ជាមួយគ្នានេះក្រុមម្ចាស់ផ្ទះដែលលេងដោយគ្មានប្រធានក្រុម Bruno Fernandes ដែលកំពុងបម្រើការព្យួរនោះបានព្យាយាមចេញពីការបញ្ចប់របស់ពួកគេនៅក្នុងតង់ទី១ ដោយកីឡាករ Rasmus Hojlund និង Casemiro អ្នកទាំង២ក៏មានឱកាសដែរ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតដែរ។
លទ្ធផលនេះបានធ្វើឲ្យ Man Utd បន្តឈរនៅលេខរៀងទី១៤ មាន២២ពិន្ទុ ពីការប្រកួតចំនួន១៩ប្រកួត ខណៈដែល Newcastle ឡើងមកឈរលេខរៀងទី៥ មាន៣២ពិន្ទុក្នុង១៩ប្រកួតដូចគ្នា។ ការប្រកួតបន្ទាប់ Man Utd ត្រូវប៉ះម្ចាស់ផ្ទះ Liverpool នៅថ្ងៃទី៥ ខែមករាខាងមុខ រីឯ Newcastle ត្រូវប៉ះម្ចាស់ផ្ទះ Tottenham នៅថ្ងៃទី៤ ខែមករាខាងមុខដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC/CNA)