ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវ ក្នុងរដូវប្រាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ  សាលាស្រុកស្វាយអន្ទរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវក្នុងរដូវប្រាំង ឆ្នាំ២០២៤។

កិច្ចប្រជុំនេះផងដែរគឺ ដើម្បីពិភាក្សាទៅលើតម្រូវការនៃការប្រើប្រាស់ទឹក ពិសេសគឺការទាញយកទឹកពីទន្លេវៃគោ សម្រាប់ស្រោចស្រព ដើម្បីបង្កបង្កើនផលស្រូវ នៅរដូវប្រាំងខាងមុខនេះ ដែលមានចំនួន ០៥ស្រុក កន្លងមកបានជួបបញ្ហាប្រឈម ក្នុងនោះរួមមានស្រុកកញ្ជ្រៀច ស្រុកស្វាយអន្ទរ ស្រុកស៊ីធរកណ្តាល ស្រុកកំចាយមារ និងស្រុកមេសាង។

ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកទាំង៥ នាយកទីចាត់ការ និងមន្ត្រីជំនាញពាក់ព័ន្ធ។

បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារ បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាពលរដ្ឋជាក់ស្ដែង ឃើញថាស្រូវប្រមាណ ១.៧០០ហិកតា ក្នុងស្រុកស្វាយអន្ទរ ត្រូវការអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រៀបចំអន្តរាគមន៍បូមទឹកបន្ទាន់ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋដែលខ្វះខាតទឹកបង្កបង្កើនផល ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រភពទឹកនៃស្ថានីយ៍បូមទឹកនេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕

ដោយ ៖ សិលា


ចែករំលែក៖