ព័ត៌មានទាន់ហេតុការណ៍៖

រឿង៖ មួយថ្ងៃមួយយប់(ត)

ចែករំលែក៖

នៅពេលដែលខ្ញុំទៅដល់ខ្ទមមិនទាន់ស្រួលផង អារុន លូនទៅរកកន្លែងដេក ហើយម៉ែយកក្រមាចាស់ដែលមានបំណះពីរបីកន្លែងមកដណ្ដប់ឲ្យអារុន រួចអង្អែលក្បាលដែលជាទម្លាប់មុននឹងដេក។ ចំណែកឪពុកខ្ញុំ នៅអង្គុយឆ្កឹះចន្លុះដែលរៀបនឹងរលត់ម្ដងៗ។ ខ្ញុំសម្លឹងមុខពុកតាមពន្លឺចន្លុះ។ មុខពុកមិនដូចមុនទេ។ មុខពុកឡើងផតឃើញឆ្អឹងថ្គាម ឯមុខម៉ែវិញក៏ស្គមដូចពុកដែរ។ ម្ដាយឪពុករបស់ខ្ញុំមានអាយុ ៣០ឆ្នាំជាង។ ប៉ុន្តែមើលទៅរូបរាងនិងមុខរបស់គាត់ដូចមានអាយុ ៦០ ឆ្នាំ។ ខ្ញុំដឹងថាពុកម៉ែមិនដែលបានហូបឆ្អែតទេ។ពួកគាត់តែងតែហុតទឹកបបរចំណែកឯកាកបបរវិញទុកឱ្យកូនៗ។ ពុកនិងម៉ែខិតខំធ្វើការបម្រើអង្គការគ្មានពេលសម្រាកឡើយ។ ពុកឆ្កឹះចន្លុះឲ្យឆេះខ្លាំងបន្តិចរួចចុះទៅចង្ក្រានដងទឹកមួយត្រឡោកផ្លុំបណ្ដើរ ផឹកបណ្ដើរ ។ ទឹកនោះមិនមែនជាថ្នាំព្យាបាលរោគអ្វីនោះទេ។ ទឹកនោះគឺជាមើមឈើ ស្លឹកឈើ ដែលជាបន្លែជាអាហារសម្រាប់ជួយសម្រន់បានខ្លះ។ ផឹកអស់មួយត្រឡោកពុកដងទឹកមួយត្រឡោកទៀតហុចឲ្យម៉ែ។ ពុកប្រះខ្នងដេកតិចៗមកជិតខ្ញុំហើយសួរមកខ្ញុំខ្សឹបៗថា កូនចាំថ្ងៃខែឆ្នាំកំណើតទេ? ខ្ញុំប្រាប់ពុកថាខ្ញុំកើតថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០។ ពុកដកដង្ហើមធំហើយនិយាយទៀតថា ឆ្នាំនេះឯងមានអាយុ ៧ ឆ្នាំ ៥ ខែ ប្រសិនបើនៅភ្នំពេញកូនអាចចូលរៀនថ្នាក់ទី ១១ ហើយនៅពេលដែលឮពាក្យថាភ្នំពេញបានធ្វើឲ្យអារម្មណ៍របស់ខ្ញុំនឹកដល់ផ្ទះ មិត្តភក្កិ ដែលធ្លាប់រត់លេងជាមួយគ្នាយ៉ាងសប្បាយ ជាពិសេសចំណីអាហារសំបូរហូរហៀរ ហើយនៅចងចាំការចាកចេញដោយអង្គការបានបណ្ដេញចេញពីទីក្រុងភ្នំពេញដែរ។ ពុកបានប្រាប់ខ្ញុំថា ខ្ញុំកើតនៅថ្ងៃរដ្ឋប្រហារជាថ្ងៃដែលប្រទេសកម្ពុជាមានភាពច្របូកច្របល់។ ស្ដាប់ពុកនិយាយមិនបានប៉ុន្មានផងខ្ញុំក៏ដេកលង់លក់ទៅ។

   សំឡេងបំពង់ប៉ុយលាន់ឮសូរឆឹកៗ។ ពុកកំពុងតែប្រឹងគោះដែកឆឹកជាច្រើនលើកច្រើនសា ទម្រាំមានអណ្ដាតភ្លើងដើម្បីបញ្ឆេះចន្លុះសាជាថ្មី។ ខ្ញុំភ្ញាក់ទាំងសើងមមើងបើកភ្នែកឡើង ឃើញពុកកំពុងតែយកអាវកញ្ចាស់មកពាក់ ឯម៉ែកំពុងរៀបចំបង្វិចខោអាវ។ ខ្ញុំឮសូរសំឡេងចេញពីមាត់ជណ្តើរស្រែកមិនឲ្យយកខោអាវ និងអីវ៉ាន់ទៅតាមខ្លួនច្រើននោះទេ ព្រោះអង្គការនឹងបើកថ្មីឱ្យ។ ខ្ញុំបានសម្លឹងតាមចំណាំងពន្លឺចន្លុះបានឃើញបុរសម្នាក់ស្លៀកពាក់ខ្មៅ មាឌធំ និងមានវ័យចំណាស់ជាងពុកបន្តិចកំពុងបឺតថ្នាំជក់មាត់ចេញផ្សែងហុយទៅមុខ។ ឯនៅម្ខាងទៀតខ្ញុំបានឃើញស្រមោលមនុស្សស្ទង់ៗពីរនាក់ឈរកំបាំងនឹងដើមត្នោតក្បែរខ្ទម។ ពុកមិនឆ្លើយតបនឹងបុរសម្នាក់នោះទេ រួចពុកបានទទួលបង្វេចពីម៉ែរួចនិយាយមួយៗទាំងអួលដើមកថា” ម៉ែអារុន មើលថែកូនផង បងមានសង្ឃឹមតិចតួចណាស់ថាបានត្រឡប់មកវិញ” ។ ម៉ែឆ្លើយតបទាំងក្រៀមក្រំថា ពុកអារុន ខ្ញុំនិងកូនចាំឯងត្រឡប់មកវិញ។

   ពុកចាប់ស្មាម៉ែទាញក្បាលមកដាក់ផ្អឹបនឹងដើមទ្រូង។ ខ្ញុំដឹងថាពុកម៉ែយំនៅពេលឃើញដូច្នោះ។បុរសនៅមាត់ជណ្តើរបានស្រេកប្រាប់មកពុកឱ្យឆាប់ចាកចេញទៅ។ ពុកនិយាយបណ្ដើរចុះមកបណ្តើរថា អូនត្រូវតែតស៊ូរស់ដើម្បីកូន! អារ៉េតមើលប្អូនផងកុំធ្វើឲ្យម៉ែឯងពិបាកចិត្តពុកទៅហើយ! ប្រពន្ធសម្លាញ់បងទៅហើយមើលថែរក្សាកូនផង។ ខ្ញុំកាន់ដៃម៉ែរបស់ខ្ញុំមើលដំណើររបស់ពុកដែលក្រុមឈ្លបបណ្ដើរទៅ។ ពុកបានងាកមកមើលយើងរហូតបាំងបាត់តាមរបាំងនារាត្រីដ៏ងងឹតស្លុប។ រំពេចនោះ អារុន ភ្ញាក់ឡើងសួររកពុក ម៉ែបានប្រាប់អរុនថា ពុកត្រូវអង្គការឲ្យចេញទៅបោចវល្លិ៍នៅឯព្រៃ។ ឮដូច្នេះ អារុនសង្ឃឹមថា ពុកនឹងបេះផ្លែឈើជាច្រើននៅពេលដែលពុកត្រឡប់មកវិញ។ ពេលអារុន និយាយដូច្នោះ ម៉ែបានចាប់ក្រសោបឱបខ្លួនអារុន ហើយខ្ញុំក៏ឱបម៉ែយំ។

   ស្នូរជួងបានបន្លឺឡើងក្នុងភូមិជាសញ្ញាដាស់អ្នកស្រុកឲ្យចេញទៅធ្វើការងារ។ ខ្ញុំបានរត់ទៅតម្រង់ជួរតាមស្នូរសំឡេងកញ្ចែ ចំណែកអារុន បន្តទៀត។ ព្រឹកនេះក្រុមកុមារត្រូវទៅជួយជញ្ជូនកណ្ដាប់ស្រូវនៅឯវាលស្រែ។ ប៉ុន្តែមុនចេញទៅស្រែសមមិត្ត មឿន បានប្រាប់ថាអង្គការបានកម្ទេចខ្មាំងចំនួនពីរនាក់កាលពីយប់មិញ។ ខ្ញុំមិនបានចាប់អារម្មណ៍និងសំដីរបស់ប្រធានកងកុមារទេ ព្រោះពាក្យនេះខ្ញុំឮស្ទើរតែរៀងរាល់ថ្ងៃទៅហើយ។ ខ្ញុំគ្រាន់តែឆ្ងល់ក្នុងចិត្តថា ហេតុអ្វីបានជាសម្បូរខ្មាំងម្ល៉េះហើយតើអ្នកណាជាខ្មាំង?

   ក្រុមម៉ែៗស្ទូងស្រូវដល់ភ្លឺស្រែម្ខាងទៅហើយ នៅតែម៉ែខ្ញុំនៅ្រឹមច្រុមកណ្ដាលវាលស្រែ។ ស្ត្រីម្នាក់អាយុប្រហែលនឹងម៉ែរបស់ខ្ញុំដែរបានឈរសម្លឹងមើលម៉ែពីលើភ្លឺស្រែ ហើយក៏ដើរលុយទឹកសំដៅទៅរកម៉ែហើយស្រែកថា ” ធ្វើការមិនចេះមើលគេ ធ្វើការដូចគ្មានព្រលឹងក្នុងខ្លួនយ៉ាប់មែនប្រពន្ធអាខ្មាំងនេះ ចំជាទុកមិនចំណេញដកចេញក៏មិនខាតមែន”  ម៉ែងើបមើលទាំងមិនឆ្លើយតប ប៉ុន្តែចិត្តម៉ែពោរពេញទៅដោយភាពឈឺចាប់យ៉ាងខ្លាំង។ ស្ត្រីនោះនិយាយបន្តទៀតទៅកាន់ម្ដាយរបស់ខ្ញុំថា បើម្ដាយខ្ញុំស្ទូងស្រូវមិនគ្រប់ផែនការគឺមិនអាចឈប់ទៅហូបបានទេ។ ម៉ែអត់ងងុយ និងគ្មានជាតិអាហារគ្រប់គ្រាន់នៅក្នុងខ្លួន ហើយម៉ែងងឹតមុខដួលសន្លប់នៅក្នុងវាលស្រែទាំងកណ្ដាប់ស្រូវនៅជាប់នៅនឹងដៃ។ មេកងឃើញដូច្នេះស្ទុះទៅចាប់ម៉ែភ្លើយផុតពីទឹក ហើយនិយាយសំដីតេះដៀលម៉ែថា គាត់ធ្វើពុតជាជំងឺខ្យល់ដួល រួចហើយក៏អុកទម្លាក់ចូលទៅក្នុងទឹកវិញ។ ខ្ញុំឃើញដូច្នោះក៏ស្រែកហៅម៉ែស្ទើរភ្លាត់សំឡេងហើយស្ទុះរត់ទៅរកម៉ែប៉ុន្តែសមមិត្ត មឿន ចាប់ខ្ញុំជាប់រួចសំឡុតថា ខ្ញុំមិនមែនជាគ្រូពេទ្យនោះទេ ហើយដេញខ្ញុំឲ្យឆាប់ត្រឡប់ទៅធ្វើការវិញភ្លាម។

ខ្ញុំនៅតែស្រែករកម៉ែ ហើយ ខំប្រឹងរើបម្រះ ប៉ុន្តែខ្ញុំមិនអាចរួចពីកណ្ដាប់ដៃដ៏មាំរបស់សមមិត្ត មឿន បាននោះទេ។សមមិត្តមឿនអូសខ្ញុំឲ្យត្រឡប់ទៅកន្លែងកុមារវិញ។ ខ្ញុំខំសម្លឹងទៅរកម៉ែ ហើយបានឃើញអ៊ំចាស់ៗបីនាក់អូសម៉ែមកលីភ្លឺស្រែ។ ខ្ញុំនៅតែយំចង់ទៅជួបម៉ែ ប៉ុន្តែខ្ញុំមិនអាចទៅបាន។ បើខ្ញុំមិនស្ដាប់សម្ដីមេកងនោះទេខ្ញុំពិតជាត្រូវ។ខ្មែរក្រហមធ្វើបាបជាមិនខាន។ ក្រុមកុមារបានឈប់សម្រាកមុនពេលបន្តិចហើយហូបបបរមុនប្រជាជនផ្សេងទៀតដោយបានទទួលបបរច្រើនជាងពីមុនមួយវែក។ ខ្ញុំឮចុងភៅនិយាយថា ថ្ងៃនេះចុងភៅបានដករបបអាហារពីតាចិន និងមិត្តរឿន។ចុងភៅនិយាយដូច្នោះហើយថែមទាំងដៀងភ្នែកសម្លឹងមុខរបស់ខ្ញុំដែលកំពុងហុតបបរ។

   មិត្តរឿន គឺជាឪពុករបស់ខ្ញុំដែលអង្គការបានចាត់តាំងឲ្យទៅព្រៃពីយប់មិញ។ ចុះតាចិនគឺជានរណា? មីងចុងភៅនិយាយថា នៅពេលបាត់តាចិនធូរទ្រូង ព្រោះគ្មាននរណារអ៊ូដាក់ត្រចៀកគាត់ទៀត។ ខ្ញុំហូបបបររួចមួយសន្ទុះ បានឮស្នូរជួងសម្រាក ខ្ញុំក៏សម្លឹងទៅរកម៉ែ។អ្នកធ្វើការជាមួយម៉ែបានមកដល់ផ្ទះបាយអស់ហើយ ប៉ុន្តែខ្ញុំមិនឃើញម៉ែមកទេ។ អ៊ំស្រីម្នាក់របស់ខ្ញុំបានប្រាប់ខ្ញុំថា ម៉ែរបស់ខ្ញុំបានដឹងខ្លួនហើយ ក្រោយពីគាត់បានជួយកោសខ្យល់ឱ្យ ប៉ុន្តែមេកងមិនឲ្យមកទេ ព្រោះម៉ែរបស់ខ្ញុំមិនស្ទូងស្រូវឲ្យរួចគ្រប់ចំនួនតាមផែនការ។ ដឹងដូច្នេះ ខ្ញុំរត់ទៅរកម៉ែភ្លាម ម៉ែបានខិតខំប្រឹងបង្ហើយសំណាបពីរបីត្រណោតទៀតទើបងើបមកអង្គុយនៅលើភ្លឺស្រែ។ ខ្ញុំស្រែកហៅម៉ែដែលអង្គុយទាំងដង្ហក់។ ម៉ែហត់ហេវ ម៉ែស្ទើរតែដាច់ខ្យល់ ប៉ុន្តែម៉ែមិនហ៊ានតវ៉ាប្រឆាំងនឹងអង្គការទេ។ ទោះបីជាម៉ែនៅក្នុងស្ថានភាពយ៉ាងដូច្នេះក៏គាត់នៅតែសួរខ្ញុំថា តើខ្ញុំនឹងអារុន។ ហូបបបររួចហើយឬនៅដែរ។ ពេលនោះខ្ញុំគាំងយោបល់ព្រោះអារម្មណ៍របស់ខ្ញុំរវល់តែគិតដល់ម៉ែ ហើយភ្លេចប្អូនឲ្យឈឹង។ ម៉ែឃើញខ្ញុំនៅស្ងៀមដូច្នោះក៏យល់ថាអារុនពិតជាមិនទាន់ហូបបបរទេ។ ម៉ែខំប្រឹងក្រោកបម្រុងដើរទៅក្នុងភូមិពេលនោះសំឡេងហៅឈ្មោះខ្ញុំយ៉ាងរន្ថើន ហើយពេលដែលខ្ញុំងាកទៅរកសំឡេងនោះខ្ញុំបានឃើញ វណ្ណា រត់មករកខ្ញុំទាំងត្រហេបក្រហបរួចប្រាប់ខ្ញុំថា អារុនប្អូនរបស់ខ្ញុំត្រូវអង្គការចាប់ចងនៅឯសន្តិសុខភូមិឯណោះ។ ម៉ែឮដូច្នោះភ្លាម បានដើរយ៉ាងលឿនទៅក្នុងភូមិ ហើយខ្ញុំខំរត់តាមក្រោយម៉ែ។ ម៉ែបានស្រែកហៅអារុន ដែលកងឈ្លបកំពុងចងផ្អោបទៅនឹងកូនស្វាយ។ អារុនមានស្នាមជាំភ្នែក និងខ្លួនដែលមានអង្ក្រងជាច្រើនកំពុងព័ទ្ធខាំពេញដងខ្លួនទទេរបស់វា។ ខ្ញុំឮសំឡេងម៉ែស្រែកហៅអារុនខំបើកភ្នែកតិចៗស្រែកហៅម៉ែខ្សាវៗឱ្យម៉ែជួយ។ (នៅមានត)


ចែករំលែក៖