ក្លិប Union Berlin បានតែងតាំងលោក Steffen Baumgart ឱ្យក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ នេះបើយោងតាមក្លិប Bundesliga បានប្រកាសកាលពីថ្ងៃចន្ទ បន្ទាប់ពីក្លិបមួយនេះបានចែកផ្លូវជាមួយលោក Bo Svensson កាលពីសប្តាហ៍មុន។
លោក Baumgart វ័យ៥២ឆ្នាំនឹងមកដឹកនាំក្រុមចាប់ពីថ្ងៃទី២ ខែមករាសម្រាប់យុទ្ធនាការ Bundesliga ដែលនៅសល់របស់ពួកគេ។ Union បានចែកផ្លូវជាមួយគ្រូបង្វឹកលោក Bo Svensson និងសមាជិកបុគ្គលិករបស់គាត់កាលពីថ្ងៃសុក្រ បន្ទាប់ពីដឹកនាំមានទម្រង់លេងមិនល្អ។
Union បានចាញ់អស់រយៈពេលជាង២ខែហើយ ដោយបានចាញ់៥ប្រកួតក្នុង Bundesliga ៧លើកចុងក្រោយរបស់ពួកគេ ស្ថិតក្នុងចំណាត់ថ្នាក់ទី១២មាន១៧ពិន្ទុពី១៥ប្រកួត។
លោក Baumgart ដែលជាអតីតខ្សែប្រយុទ្ធ Hansa Rostock និង VfL Wolfsburg ស៊ុតបញ្ចូលទីបាន២២គ្រាប់ក្នុងអំឡុងពេលពីររដូវកាលរបស់គាត់នៅ Union ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤។ គាត់ធ្លាប់បានដឹកនាំក្រុមនៅលំដាប់ទី២ FC Koln ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ហើយនៅ Hamburger SV មុនពេលត្រូវបានបណ្តេញចេញកាលពីខែមុន។
លោក Baumgart បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការត្រលប់ទៅ Bundesliga និងទៅ Union។ វាពិតជាអត្ថប្រយោជន៍មួយក្នុងការស្គាល់ក្លិប និងមនុស្សជាច្រើននៅទីនេះយ៉ាងច្បាស់។ យើងមិនមានពេលច្រើនដើម្បីរៀបចំទេ ហើយនឹងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយកីឡាករដើម្បីត្រៀមខ្លួនសម្រាប់ភារកិច្ចនៅខាងមុខយើង”។
ការប្រកួតបន្ទាប់ក្រុម Union នឹងទៅលេងនៅទឹកដីក្រុម Heidenheim ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់នៅថ្ងៃទី១១ ខែមករា ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)